(ភ្នំពេញ)៖ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៣ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ដម អ៊ីណូ អាត់ស៊ុស៊ី (Ueno Atsushi) ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំនៅកម្ពុជា បានប្ដេជ្ញារួមគ្នាលើកកម្ពស់វិស័យការទូត និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឲ្យកាន់តែរឹងមាំឡើង ជាពិសេសជំរុញទំហំពាណិជ្ជកម្ម ការអភិវឌ្ឍធនធានមនុស្ស និងទំនាក់ទំនងប្រជាជន និងប្រជាជន។
ការប្ដេជ្ញាចិត្តនេះ ត្រូវបានលើកឡើងនៅក្នុងឱកាស សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម អ៊ីណូ អាត់ស៊ុស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា ។នៅក្នុងជំនួបសម្តែងការគួរសមនាពេលនេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងជោគជ័យដែលឯកអគ្គរាជទូតជប៉ុនមុនៗ ក៏ដូចជាឯកឧត្តមឯកអគ្គរាជទូតបច្ចុប្បន្ន សម្រេចបានក្នុងការគាំទ្រ និងលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរលើគ្រប់វិស័យ។សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា កម្ពុជា-ជប៉ុន មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាជាយូរមកហើយ ហើយឆ្នាំនេះគឺជាខួបលើកទី ៧០ ឆ្នាំ នៃចំណងការទូតជាមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន។
ចំណងការទូតនេះ ត្រូវបានថ្នាក់ដឹកនាំប្រទេសទាំងពីរបន្តថែរក្សា និងលើកកម្ពស់តាំងពីសម័យព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តមសីហនុ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងព្រះចៅអធិរាជជប៉ុន នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជប៉ុននានា រហូតដល់ពេលបច្ចុប្បន្ន។ជាងនេះទៅទៀត នាឱកាស នៃការអបអរសាទរខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ កម្ពុជា និងជប៉ុន បានតម្លើងកម្រិត នៃកិច្ចសហប្រតិបត្តិការឈានដល់ “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ”។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានមានប្រសាសន៍សង្កត់ធ្ងន់ថា កម្ពុជាពិតជាមានមោទកភាព និងអរគុណយ៉ាងជ្រាលជ្រៅចំពោះការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចសង្គម ដែលបានមកពីការរួមចំណែក នៃវិនិយោគជប៉ុន លើវិស័យសំខាន់ៗជាច្រើន រួមមានវិស័យធនាគារ ការផ្ទេរបច្ចេកវិទ្យា អេឡិចត្រូនិក និងរថយន្ត និងការបង្កើតឱកាសការងារ ដោយបានជួយរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ព្រមទាំងជួយឲ្យកម្ពុជាទទួលបាននូវកំណើនសេដ្ឋកិច្ចជាវិជ្ជមាន។ឯកឧត្តម អ៊ីណូ អាត់ស៊ុស៊ី បានសម្តែងនូវការអបអរសាទរចំពោះសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភាក្នុងនីតិកាលថ្មីនេះ។
សម្តេចរដ្ឋសភាធិបតី ជាស្ត្រីកម្ពុជាដំបូង ដែលទទួលបានតួនាទីដ៏ខ្ពង់ខ្ពស់ និងពិតជាមានសារសំខាន់ ក្នុងការបន្តដឹកនាំស្ថាប័ននីតិប្បញ្ញត្តិឲ្យសម្រេចបាននូវសមិទ្ធផលថ្មីៗជាច្រើនទៀតក្នុងការបម្រើប្រទេសជាតិ និងប្រជាជនទៅថ្ងៃអនាគត។ឆ្លើយតបសំណូមពររបស់សម្តេចរដ្ឋសភាធិបតី ឯកឧត្តម អ៊ីណូ អាត់ស៊ុស៊ី បានសន្យាថា នឹងខិតខំបំពេញបេសកកម្មការទូតនៅកម្ពុជាឲ្យទទួលបានជោគជ័យ ជាពិសេសជំរុញលើកកម្ពស់ ទំហំពាណិជ្ជកម្មប្រទេសទាំងពីរឲ្យកាន់តែកើនឡើង លើកទឹកចិត្តអ្នកទេសចរ និងអ្នកវិនិយោគជប៉ុនមកកម្ពុជាឲ្យកាន់តែច្រើន និងបានសន្យាបន្តជួយផ្តល់អាហារូបករណ៍ដល់សិស្ស និស្សិត មន្ត្រីរាជការកម្ពុជា បានទៅសិក្សានៅប្រទេសជប៉ុន ជួយបណ្ដុះបណ្ដាលជំនាញដល់ពលករខ្មែរ ដែលធ្វើការនៅប្រទេសជប៉ុន និងជួយកសាងអភិវឌ្ឍន៍ធនធានមនុស្ស រួមមានការលើកកម្ពស់សមត្ថភាពតំណាងរាស្ត្រវ័យក្មេង និងមន្ត្រីរាជការអគ្គលេខាធិការដ្ឋានរដ្ឋសភា ជាដើម។
ជប៉ុន គឺជាប្រទេសដែលបានរួមចំណែកដ៏សំខាន់ក្នុងការស្វែងរកសន្តិភាព និងការស្តារអភិវឌ្ឍន៍កម្ពុជា។សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបញ្ជាក់ប្រាប់ឯកឧត្តម អ៊ីណូ អាត់ស៊ុស៊ី ថា ប្រជាជនកម្ពុជាមិនអាចបំភ្លេចបាននូវការរួមចំណែក និងវិភាគទានដ៏សំខាន់នេះឡើយ៕