(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា កម្ពុជាកំពុងតែដើរតួនាទីយ៉ាងសំខាន់ក្នុងតំបន់អាស៊ាន និងក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយនៅលើឆាកអន្តរជាតិ និងស្របពេលជាមួយនឹងគម្រោងដំណើរ ទស្សនកិច្ចរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅប្រទេសចិន នៅថ្ងៃទី១៤ ខែកញ្ញាខាងមុខ។
ការថ្លែងយ៉ាងដូច្នេះរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននៅក្នុងកម្មវិធីបើក បាឋកថាស្តីពី«កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP)៖ ទិដ្ឋភាពភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ច» ដែលឧទ្ទេសនាមដោយឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងព័ត៌មាន។ «កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ឬហៅកាត់តាមភាសាអង់គ្លេសថា «RCEP» មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសកម្ពុជាយើង ដែលសាធារណជនទូទៅ ជាពិសេស ពាណិជ្ជករ និងអ្នកវិនិយោគទាំងជាតិនិងអន្តរជាតិ ចាំបាច់ត្រូវយល់ដឹងអំពីយុទ្ធសាស្តក្នុងការទាញយកអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងនេះ»។
នេះជាប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន នេត្រ ភក្ត្រា។ ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជំរុញដល់អ្នកសារព័ត៌មាន នាំយកនូវដំណឹងទាំងអស់នេះដើម្បីផ្សព្វផ្សាយបន្តជូនដល់សាធារណជន។ ឯកឧត្តម មានប្រសាសន៍បន្តថា៖ ទស្សនាទាននៃកិច្ចព្រមព្រៀងនេះត្រូវបានផ្តួចផ្តើមឡើងនៅអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី១៩ នៅខែវិច្ឆិកា ឆ្នាំ២០១១ ហើយមួយឆ្នាំបន្ទាប់មក ត្រូវបានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ នៅខែវិច្ឆិកា ឆ្នាំ២០១២ នៅរាជធានីភ្នំពេញ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ការសម្រេចបាននូវកិច្ចព្រមព្រៀងដ៏ធំមហិមាមួយនេះ បានបង្ហាញយ៉ាងច្បាស់ពីការវិលត្រឡប់មកវិញនូវពហុភាគីនិយម ដោយបង្ហាញពីការប្តេជ្ញាចិត្តរបស់តំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងការចូលរួម និងលើកកម្ពស់ការធ្វើពាណិជ្ជកម្មដោយសេរីនិងការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកកាន់តែជិតស្និទ្ធ ដើម្បីជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចសកលនៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩។ ដូច្នេះ ការយល់ច្បាស់គោលបំណងអំពីកិច្ចព្រមព្រៀងនេះ នឹងជួយឲ្យបណ្ដាវិនិយោគិន និងក្រុមហ៊ុនក្នុងស្រុករបស់កម្ពុជា អាចអភិវឌ្ឍន៍ខ្លួនស្របតាមការវិវឌ្ឍនៃសភាពការណ៍នៅលើសកលលោក និងបង្កើននូវភាពប្រកួតប្រជែងរបស់ខ្លួន។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា សក្តានុពលទាំងឡាយដែលកើតចេញពីកិច្ចព្រមព្រៀង RCEP នៅក្នុងដំណាក់កាលនៃការស្ដារឡើងវិញក្រោយវិបត្តិកូវីដ-១៩នេះ ពិតជាមានសារៈសំខាន់ជាសារវន្តសម្រាប់កម្ពុជា តាមរយៈការពន្លឿនដំណើរការឧស្សាហូបនីយកម្ម និងឌីជីថលូបនីយកម្ម និងការផលិតដែលមានលក្ខណៈវៃឆ្លាតនានា ដោយជំរុញនិងពង្រឹងសក្តានុពលវិស័យឧស្សាហកម្ម បច្ចេកវិទ្យាក្នុងស្រុកឲ្យក្លាយជាផ្នែកមួយនៃខ្សែច្រវាក់ផលិតកម្មក្នុងតំបន់ សម្រាប់គោលដៅរួមក្នុងការនាំកម្ពុជាឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យដើម្បីក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ក្នុងឱកាសនេះដែរ ឯកឧត្តម សុក ស៊ីផាន់ណា បានបញ្ជាក់ថា កិច្ចព្រមព្រៀង RCEP ជាកិច្ចព្រមព្រៀងធំបំផុតនៅក្នុងតំបន់និងធំលំដាប់ទី ២ បន្ទាប់ពីកិច្ចព្រមព្រៀង WTO។ សេដ្ឋកិច្ចវិទូរូបនេះ បានលើកឡើងថា កម្ពុជាជាសមាជិកមួយនៅក្នុងកិច្ចព្រមព្រៀង RCEP ដែលមាន ១០ ប្រទេសក្នុងអាស៊ានរួមទាំងប្រទេស ៥ ទៀត មាន ចិន ជប៉ុន កូរ៉េ នូវែលសេឡង់ និងអូស្ត្រាលី។
ឯកឧត្តម មានប្រសាសន៍បន្តថា៖ ប្រយោជន៍ដែលកម្ពុជាអាចទាញបានពីការក្លាយជាសមាជិកកិច្ចព្រមព្រៀង RCEP ដែលអាចពង្រីកទីផ្សារនាំចេញកាន់តែទូលំទូលាយគ្រប់ដណ្តប់ទីផ្សារអ្នកប្រើប្រាស់ជាង ២,២ ពាន់លាននាក់ជាមួយទំហំពាណិជ្ជកម្មដោះដូរជាង ២៦ ទ្រីលានដុល្លារអាម៉េរិក។ នៅក្នុងរយៈពេល ១០ ទៅ ២០ ឆ្នាំទៀតកម្ពុជាអាចពឹងផ្អែកលើកិច្ចព្រមព្រៀង RCEP នេះ តាមរយៈកំណើនការវិនិយោគដោយផ្ទាល់ពីបរទេស ហើយទំនិញពីកម្ពុជាអាចផលិតនាំចេញទៅប្រទេសដែលជាសមាជិកក្នុងកិច្ចព្រមព្រៀងនេះផងដែរ ៕