(សហរដ្ឋអាម៉េរិក)៖ ជនចំណាកស្រុករាប់រយនាក់បានប្រមូលផ្តុំគ្នានៅឯរបងព្រំដែនចំនួនពីរកន្លែង រវាងសហរដ្ឋអាម៉េរិក និងម៉ិកស៊ិកកូ ស្ថិតនៅជិតទីក្រុងសាន់ឌីហ្គោ (San Diego) រដ្ឋកាលីហ្វ័រញ៉ា កាលពីម្សិលមិញ ដើម្បីរង់ចាំដំណើរការនៃនិតិវិធីដោយមន្ត្រីគយ និងមន្ត្រីការពារព្រំដែនសហរដ្ឋអាម៉េរិក។ ក្រុមបុគ្គលិកជំនួយ បានលើកឡើងផងដែរថា ជនអន្តោប្រវេសន៍បានធ្វើដំណើរមកពីទីកន្លែងឆ្ងាយៗ រួមមានប្រទេសប៉ែកអាហ្វ្រិកខាងលិច អាម៉េរិកកណ្តាល និងអាស៊ី ។
អ្នកទទួលបន្ទុកកិច្ចការសិទ្ធិមនុស្សនៃគណៈកម្មាធិការសេវាកម្មមិត្តអាម៉េរិកាំង (The American Friends Service Committee/ AFSC) លោកស្រី អាឌ្រៀណា ចាសូ (Adriana Jasso) បានមានប្រសាសន៍ថា ជាមូលដ្ឋាន ពួកយើងធ្វើការជាមួយអង្គការសហប្រជាជាតិទាំងផ្លូវការ និងក្រៅផ្លូវការ ហើយយើងទទួលបន្ទុកមនុស្សជាច្រើនមកពីជុំវិញពិភពលោក ។ លោកស្រីចាសូ និងអ្នកផ្សេងទៀតបានផ្តល់ចំណីផ្លែឈើ និងគ្រាប់ធញ្ញជាតិដល់កុមារដែលមានវត្តមាននៅតាមរបងព្រំដែន ។
ដោយឡែក ជនចំណាកស្រុកម្នាក់ឈ្មោះហាសសាន ហាមហ្សា (Hassan Hamza) បានពិពណ៌នាថា គាត់បានចំណាយពេលធ្វើដំណើរអស់រយៈពេល ៦ សប្តាហ៍ចេញពីប្រទេសហ្គាណា ក្នុងទិសដៅដើម្បីទៅដល់សហរដ្ឋអាម៉េរិក ។ លោកបានបន្ថែមថា វាមិនងាយស្រួលទេសម្រាប់ពួកយើង ប៉ុន្តែអាម៉េរិកគឺជាទឹកដីនៃឱកាស ហើយនៅទីនេះយើងអាចទទួលបានអនាគតដ៏ល្អ ។ លោកថ្លែងបែបនេះ ស្របពេលជនចំណាកស្រុកជ្រកនៅក្រោមម្លប់របងព្រំដែន និងដោយប្រើប្រាស់ភួយគ្របសម្រាប់គ្រាអាសន្នដើម្បីគេចពីពន្លឺព្រះអាទិត្យ ៕