(ហ្វីលីពីន)៖ តុលាការហ្វីលីពីន នៅថ្ងៃអង្គារសប្តាហ៍នេះ បានជំនុំជម្រះក្តីដោយសម្រេចផ្តល់ការលើកលែងទោសដល់អតីតម្ចាស់ជ័យលាភីពានរង្វាន់ណូបែលសន្ដិភាពសញ្ជាតិហ្វីលីពីន លោកស្រី Maria Ressa និងជាម្ចាស់គេហទំព័រព័ត៌មាន Rappler ពាក់ព័ន្ធនឹងការចោទប្រកាន់ថាបានក្លែងបន្លំពន្ធ ដោយគេចាត់ទុកថាជាជ័យជម្នះផ្លូវច្បាប់ថ្មីមួយផ្សេងទៀតសម្រាប់លោកស្រីដែលត្រូវជាសកម្មជនសេរីភាពអ្នកសារព័ត៌មាននិងជាអ្នកតស៊ូមតិដ៏លេចធ្លោមួយរូបនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
គួរបញ្ជាក់ថា លោកស្រី Maria Ressa ទទួលបានពានរង្វាន់ណូបែលសន្តិភាពនៅក្នុងឆ្នាំ ២០២១ ក្នុងនាមលោកស្រីជាប្រធានបណ្តាញសារព័ត៌មាន Online Rappler ដែលទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញតាមរយៈការផ្សព្វផ្សាយព័ត៌មានស៊ីជម្រៅទាក់ទងនឹងរបៀបដឹកនាំប្រទេសរបស់អតីតប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte និងព័ត៌មានជុំវិញយុទ្ធនាការប្រឆាំងគ្រឿងញៀនដ៏ជ្រុលនិយមរបស់អតីតមេដឹកនាំរូបនេះជាដើម។
ការសម្រេចលើកលែងទោសដល់លោកស្រី Maria Ressa ដោយតុលាការហ្វីលីពីននាពេលនេះ គឺជារឿងមួយដែលគេរំពឹងទុកថា ដោយសារតែលោកស្រីក៏ធ្លាប់បានទទួលបានលើកលែងទោសលើករណីស្រដៀងគ្នានេះកាលពី៩ខែមុនម្តងរួចមកហើយ។
គួររំលឹកជូនថា លោកស្រី Maria Ressa ដែលមានអាយុ ៥៩ ធ្លាប់ត្រូវបានតុលាការចាប់ឃុំខ្លួនកាលពីឆ្នាំ ២០២០ ពីបទប្រមាថញុះញុងតាមប្រព័ន្ធអ៊ីនធឺណិត ហើយក៏ជាករណីបណ្តឹងមួយក្នុងចំណោមបទចោទប្រកាន់ជាច្រើនផ្សេងទៀតមកលើលោកស្រីពីសំណាក់ក្រុមមន្រ្តីភ្នាក់ងារបស់រដ្ឋាភិបាល ខណៈលោកស្រីនៅតែបន្តចាត់ទុកករណីទាំងអស់នោះថាជារឿងនយោបាយដើម្បីគាបសង្កត់សេរីភាពក្នុងការបញ្ចេញមតិរបស់ពលរដ្ឋ ៕