ខេត្តសៀមរាប ៖ ប្រាសាទភ្នំបាខែង គឺជាគោលដៅទស្សនាទិដ្ឋភាពថ្ងៃរះ និងថ្ងៃរៀបលិចយ៉ាងពេញនិយមបំផុតរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ហើយដោយសារតែចំនួនភ្ញៀវទេសចរកាន់តែច្រើនឡើងទៅទស្សនាថ្ងៃរះ និងថ្ងៃលិច នៅលើកំពូលនៃប្រាសាទភ្នំបាខែង ថ្មីៗនេះ អាជ្ញាធរជាតិអប្សរា បានរៀបចំទីតាំងវង់ទស្សនាថ្មីមួយទៀត ដើម្បីបញ្ជៀសចំនួនក្នុងការកកកុញនៃការទស្សនា ក៏ដូចជាបង្កើតជាជម្រើសសម្រាប់ភ្ញៀវទេសចរ ដែលនិយមមកទស្សនាថ្ងៃលិច ព្រមទាំងផ្តល់ជូនភ្ញៀវទេសចរនូវបទពិសោធន៍ថ្មីៗប្រកបដោយសុវត្ថិភាព និងផាសុកភាពផងដែរ។
លោក ហ៊ុត សុភាព ប្រធានភ្នាក់ងារទេសចរណ៍ នៅប្រាសាទភ្នំបាខែង មានប្រាប់ឱ្យដឹងថា «ការរៀបចំវង់ទស្សនាថ្មីនេះ គឺចាប់ពីជើងភ្នំ រហូតដល់ប្រាសាទតែម្តង។ ចំពោះខ្សែទស្សនា គឺភ្ញៀវទេសចរអាចដើរទស្សនាតាំងពីជើងភ្នំ ហើយនៅពេលហត់ ភ្ញៀវក៏អាចឈប់សម្រាកតាមផ្លូវសុវត្ថិភាព ដែលអាជ្ញាធរជាតិអប្សរាបានរៀបចំទីតាំងជាច្រើន។ ហើយកន្លែងទាំងនោះ សុទ្ធតែអាចផ្តិតយករូបភាពនានា ដូចជា ៖ គោលដៅទី១ អាចថតប្រាសាទបក្សីចាំក្រុង គោលដៅទី២ នៅចង្កេះភ្នំ គឺមានរានហាលសម្រាប់ឱ្យភ្ញៀវអាចទស្សនាទេសភាពបារាយណ៍ខាងលិចទាំងមូល ឯខ្សែទស្សនាបន្តបន្ទាប់ពេលទៅដល់លើភ្នំ គឺមានរានហាលមួយទៀត សម្រាប់ឱ្យភ្ញៀវទេសចរទស្សនាថ្ងៃរះ និងថ្ងៃលិចជាដើម»។
លោក ហ៊ុត សុភាព ឱ្យដឹងទៀតថា «បន្ទាប់ពីភ្ញៀវឡើងទៅដល់កំពូលភ្នំ គឺនៅមានខ្សែទស្សនាបន្តទៀត ដោយភ្ញៀវអាចដើរទស្សនាទៅតាមវង់ដែលអាជ្ញាធរជាតិអប្សរាបានរៀបចំមានកន្លែងសំខាន់ៗមួយចំនួនទៀតដូចជា ៖ រៀបចំឱ្យភ្ញៀវអាចមើលឃើញកំពូលប្រាសាទអង្គរវត្ត ឱ្យភ្ញៀវទៅទស្សនាពុទ្ធបាទ រួចតម្រង់ឡើងទៅលើភ្នំតែម្ដង ចាប់ពីទិសខាងកើត។
គួរបញ្ជាក់ថា ការណ៍ដែលអាជ្ញាធរជាតិអប្សរា រៀបចំវង់ទស្សនាបែបនេះ គឺក្នុងបំណងចង់ឱ្យភ្ញៀវទេសចរអាចទទួលបាននូវបទពិសោធន៍ច្រើន តាំងពីការចាប់ផ្ដើមដើរឡើងភ្នំ រហូតដល់លើកំពូលភ្នំ មានដូចជា ៖ ចង់ឱ្យភ្ញៀវអាចមើលឃើញប្រាសាទបក្សីចាំក្រុង ឃើញទិដ្ឋភាពបារាយណ៍ខាងលិចទាំងមូល ឃើញកំពូលប្រាសាទអង្គរវត្ត ហើយជាពិសេសនោះ គឺពេលភ្ញៀវឡើងដល់កំពូលភ្នំ ពួកគាត់អាចមើលឃើញទិដ្ឋភាពថ្ងៃរះ និងថ្ងៃរៀបលិច មើលឃើញទិដ្ឋភាពទីក្រុងសៀមរាប ព្រមទាំងឃើញព្រៃឈើទាំងមូល ដែលស្ថិតនៅជុំវិញភ្នំបាខែងផងដែរ។
ក្នុងការរៀបចំវង់ទស្សនាថ្មី អាជ្ញាធរជាតិអប្សរាក៏រៀបចំកែលម្អបរិស្ថាននៅជុំវិញប្រាសាទ ដើម្បីលើកកម្ពស់សោភ័ណភាព ដូចជា ការលះមែកឈើខ្លះៗ, រៀបចំផ្លូវដើរជុំវិញប្រាសាទឱ្យស្អាត, ដាក់ស្លាកសញ្ញាបង្ហាញទិស និងដាក់បង្គោលខ្សែការពារកន្លែងមានហានិភ័យ ដើម្បីការពារសុវត្ថិភាពអ្នកទេសចរទាំងឡាយ។
ជាមួយគ្នានេះដែរ អាជ្ញាធរជាតិអប្សរា ក៏សំណូមពរដល់ភ្ញៀវទេសចរ ឬមគ្គទេសក៍ទេសចរណ៍ឱ្យនាំភ្ញៀវដើរទស្សនាតាមទិសដៅដែលបានរៀបចំ ដើម្បីឱ្យពួកគាត់បានឃើញនូវអ្វីដែលថ្មីៗ និងមានភាពស្រស់ស្អាតទាំងនោះផង៕