ប៉ៃលិន៖ ដើម្បីជាការលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា២០២២-២០២៣នេះ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន បានប្រកាសផ្តល់រង្វាន់ម៉ូតូ ១គ្រឿង ដល់សិស្សដែលអាចប្រឡងដណ្តើមយកបាននិទ្ទេស A នៅក្នុងឆ្នាំ២០២៣ នេះ និងបន្តផ្តល់អាហារូបករណ៍ សម្រាប់សិស្សក្រីក្រ ចង់បន្តការសិក្សានៅឧត្តមសិក្សា ព្រមទាំងគ្រោងរៀបចំបណ្ណាល័យសាធារណៈ ដើម្បីលើកកម្ពស់គុណភាពវិស័យអប់រំនៅក្នុងខេត្ត ។
ការលើកឡើងបែបនេះ ក្នុងឱកាសដែលលោកជំទាវបណ្ឌិត បាន ស្រីមុំ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបំប៉នត្រៀមប្រលងមធ្យមសិក្សាទុតិយភូមិ ថ្នាក់ទី១២ ឆ្នាំសិក្សា ២០២២-២០២៣ ដែលរៀបចំ និងឧបត្ថម្ភ ដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន នៅសាលប្រជុំរោងកុន នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានវត្តមានចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាបេក្ខជនត្រៀមប្រឡងផងដែរ ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ដោយមានការឧបត្ថម្ភគាំទ្រពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងមានការគាំទ្រពីដៃគូអភិវឌ្ឍន៍នានាផងនោះ សាលារៀនត្រូវបានសាងសង់តាំងពីទីប្រជុំជនរហូតដល់តំបន់ដាច់ស្រយាល ដោយបានធ្វើអោយវិស័យអប់រំ យុវជន និងកីឡា នៅខេត្តប៉ៃលិន មានការរីកចំរើនទំាងបរិមាណ និងគុណភាព ចាប់ពីមេត្តេយ្យសិក្សា ការអប់រំកុមារតូចតាមសហគមន៍ ការអប់រំនៅបឋមសិក្សា និងមធ្យមសិក្សា ដែលបានផ្តល់ឱកាសអោយកូនចៅប្រជាពលរដ្ឋ បានសិក្សារៀនសូត្រគ្រប់កំរិត និងទទួលបានចំណេះដឹង មកចូលរួមអភិវឌ្ឍន៍ខេត្តប៉ៃលិន អោយបានរីកចំរើនឡើងបន្ថែមទៀត ។
លោកជំទាវបណ្ឌិតប្រធាន ក៍បានបានមានប្រសាសន៍ផ្តាំផ្ញើដល់ ប្អូនៗក្មួយៗ សិស្សានុសិស្សទាំងអស់ ត្រូវជៀសអោយឆ្ងាយពីអំពើអបាយមុខផ្សេងៗនៅក្នុងសង្គម ជាពិសេសគ្រឿងញៀន ដោយត្រូវខិតខំយកចិត្តទុកដាក់ក្នុងការសិក្សា និងក្រេបយកចំណេះដឹងពីព្រឹទ្ធាចារ្យ លោកគ្រូ-អ្នកគ្រូ ដែលគាត់បង្ហាត់បង្រៀនយើង ហើយត្រូវយកចំណេះដឹងទាំងនេះ ទៅបង្កើនសមត្ថភាពខ្លួនឯងបន្ថែមទៀត ដើម្បីទទួលបានជោគជ័យក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខ ហើយក្លាយជាទំពាំងស្នងឫស្សី សម្រាប់ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិនាថ្ងៃអនាគត ។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្ត ជាពិសេសសហភាពសហព័ន្ធយុវជនកម្ពុជា ដែលមានឯកឧត្តម ហ៊ុន ម៉ានី ជាប្រធាន ដែលតែងតែចំណាយទាំងកម្លាំងកាយចិត្ត ទាំងថវិកា និងពេលវេលាដ៏មានតម្លៃ ក្នុងការឧបត្ថម្ភគាំទ្រ ឱ្យមានវគ្គបំប៉នត្រៀមប្រឡងនេះឡើង និងសូមជូនពរដល់សិស្សានុសិស្ស ដែលជាបេក្ខជនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២២ ២០២៣ ទាំងអស់ សូមទទួលបានជោគជ័យក្នុងការប្រឡង និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា ។
បើតាមរបាយការណ៍របស់លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បានឱ្យដឹងថា៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២២-២០២៣ គឺប្រព្រឹត្តទៅនៅថ្ងៃទី០៦-០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ដោយខេត្តប៉ៃលិន ទីតាំងប្រឡងនៅវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្តប៉ៃលិន ដោយមានបេក្ខជនចូលរួមប្រឡង សរុបចំនួន ៦៥៣នាក់ ស្រី ៣១៣នាក់ ចែកជា ២មណ្ឌល (១-មណ្ឌលថ្នាក់វិទ្យាសាស្ត្រសង្គម មាន ២១បន្ទប់ មានបេក្ខជន សរុបចំនួន ៥០៨នាក់ ស្រី ២២៣នាក់ ក្នុងនោះបេក្ខជនស្វៃរិនសរុបចំនួន ៦៨នាក់ ស្រី ៣៣នាក់ និង ២-មណ្ឌលថ្នាក់វិទ្យាសាស្ត្រ មាន ០៦បន្ទប់ មានបេក្ខជន សរុបចំនួន ១៤៥នាក់ ស្រី ៩០នាក់ គ្មានបេក្ខជនស្វៃរិន) ៕
អត្ថបទ៖ លោក ញ៉ឹប បូរី