ភ្នំពេញ៖ ឧត្តមសេនីយ៍ឯកយោធាម្នាក់ ខណៈកំពុងបើករថយន្តតាមផ្លូវ ស្រាប់តែមានអាការៈមិនស្រួលខ្លួន ប៉ុន្តែគាត់ បានបើកទ្រាំ ទៅដល់មុខគ្លីនិកឯកជន ឯករាជ្យ ហើយបានចុចបើកកញ្ចក់ទ្វាររថយន្ត រួចស្រែកប្រាប់អ្នកនៅជិតនោះថា គាត់អត់ស្រួខ្លួនទេ សូមជួយហៅគ្រូពេទ្យមកជួយគាត់ផង។ ប៉ុន្តែខណៈពេទ្យចេញមកទាន់ដល់ផង ស្រាប់តែលោកឧត្ដមសេនីយ៍រូបនេះបានដាច់ខ្យល់ស្លា.ប់ភ្លាមៗ នៅក្នុងរថយន្ត ទាំងឯកសណ្ឋានយោធា ស្ទើរមិនគួរឲ្យជឿ។
ហេតុការណ៍នេះ បានបង្កឲ្យមានការឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៤ និង ៤៥នាទីល្ងាចថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមផ្លូវចោមចៅ ហៅផ្លូវវេងស្រេង នៅមុខគ្លីនិកឯករាជ្យ ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ផ្កាយបីខាងលើនោះ ឈ្មោះ សាំង អូន អាយុប្រមាណជាង ៦០ឆ្នាំ ជាយោធាមានឋានន្តរស័ក្តិ ឧត្តមសេនីយ៍ឯក ធ្វើការនៅអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី នៃទីស្តីការគណៈរដ្ឋមន្ត្រី។
អ្នកឃើញហេតុការណ៍ បាននិយាយថា នៅមុនពេលកើតហេតុ លោកឧត្ដមសេនីយ៍រូបនេះ បានបើកបររថយន្ត ១គ្រឿង ម៉ាកRAV4 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2X-3545 និងមិនមានអ្នករួមដំណើរជាមួយ ឬអង្គរក្សអ្នកបើករថយន្តឱ្យទេ។ ដោយគាត់បានបើកបរធ្វើដំណើរ ពីលិចទៅកើត លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ គាត់បានឈប់រថយន្ត នៅមុខគ្លីនិកឯករាជ្យ រួចចុចបើកកញ្ចក់រថយន្ត ហើយស្រែប្រាប់ប្រជាពលរដ្ឋ ស្ថិតនៅក្បែរនោះ ថា «គាត់មិនស្រួលខ្លួនទេ សូមជួយហៅពេទ្យឲ្យបន្តិច»។
ប្រភពដដែល បានប្រាប់ថា ខណៈនោះ អ្នកនៅជិតៗនោះ ផ្អើលទៅសួរនាំ និងហៅពេទ្យឲ្យទៅជួយ។ ប៉ុន្តែជាអកុសលគ្រូពេទ្យចេញមកពុំទាន់ដល់ផង ស្រាប់តែលោកឧត្ដមសេនីយ៍រូបនេះដាច់ខ្យល់ភ្លាមៗ នៅក្នុងរថយន្តបាត់ទៅហើយ។
ពេលនោះ បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅតាមដងផ្លូវខាងលើ ហើយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ និងនគរបាលខណ្ឌពោធិ៍សែនជ័យ បានទៅកាន់ទីនោះភ្លាមៗ និងបានសន្និដ្ឋានជំហ៊ានដំបូងថា លោកឧត្ដមសេនីយ៍រូបនេះ ស្លា.ប់ដោយខ្យល់គ។
ប៉ុន្តែបន្ទាប់មក នគរបាលខាងលើ ក៏បានរាយការណ៍បន្តទៅកាន់នគរបាលការិយាល័យបច្ចេកទេស និងវិទ្យាសាស្រ្តនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកោសល្យវិច័យ តាមជំនាញបន្តទៀត មុននឹងប្រគល់ស.បជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕