(ភ្នំពេញ)៖ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៣ រួមមានភាគីរដ្ឋាភិបាល ភាគីនិយោជក និងភាគីសហជីព នឹងបន្តបើកកិច្ចប្រជុំលើកទី៣ដើម្បីកំណត់ប្រាក់ឈ្នួលកម្មករឆ្នាំ២០២៤នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ ក្រោមអធិបតីភាពលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។
នេះជាលើកទី៣ហើយ ខណៈលើកទី១ត្រីភាគីបានរៀបចំប្រជុំនៅថ្ងៃទី១៦សីហា និងលើកទី២នៅថ្ងៃទី២៨សីហាឆ្នាំ២០២៣។ ប៉ុន្តែភាគីទាំងបីនៅមិនទាន់បានដាក់តួលេខណាមួយនៅឡើយទេ។ គេរំពឹងថា កិច្ចប្រជុំលើកទី៣នេះភាគីទាំងបីនឹងដាក់តួលេខរៀងៗខ្លួនដើម្បីធ្វើការចចារកំណត់តួលេខមួយច្បាសលាស់សម្រាប់ប្រាក់ឈ្នួលឆ្នាំ២០២៤។
បើតាមលោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាបានឱ្យដឹងថា ខាងភាគីសហជីពបានរកឃើញតួលេខចំនួនពីរសម្រាប់ដាក់នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា គឺទី១តួលេខ២១២ដុល្លារ និងទី២ តួលេខ២២០,២ដុល្លារ ខណៈប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតឆ្នាំ២០២៣មានចំនួន២០០ដុល្លារក្នុងមួយខែ ។ គួរបញ្ជាក់ថា កិច្ចក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៣បានសម្រេចរៀបចំកិច្ចប្រជុំកំណត់ប្រាក់ឈ្នួលចំនួន៧លើក គឺនៅថ្ងៃទី១៦សីហា ថ្ងៃទី២៨ ខែសីហា, ថ្ងៃទី៤, ថ្ងៃទី១១,ថ្ងៃទី១៨, ថ្ងៃទី២៥ ខែកញ្ញា និងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣៕