(រុស្សី)៖ អតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev និយាយថា ក្នុងឆ្នាំ២០២៣នេះ មនុស្សប្រហែល ២៨០ ០០០នាក់បានចុះឈ្មោះចូលបម្រើកងទ័ពរុស្ស៊ីដើម្បីទៅប្រយុទ្ធនៅប្រទេសអ៊ុយក្រែន គិតត្រឹមខែកញ្ញា។ ក្នុងដំណើរទៅកាន់តំបន់ចុងបូព៌ារុស្ស៊ីកាលពីថ្ងៃអាទិត្យទី៣ខែកញ្ញា លោក Medvedev ដែលបច្ចុប្បន្នក៏ជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីផងដែរនោះ បាននិយាយថា លោកបានជួបជាមួយមន្ត្រីក្នុងតំបន់ ដើម្បីធ្វើការលើកិច្ចខិតខំប្រឹងប្រែង ពង្រឹងកងកម្លាំងប្រដាប់អាវុធ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS បានដកស្រង់សម្តីលោក Medvedev ដែលលើកឡើងថា “យោងតាមក្រសួងការពារជាតិ, ចាប់តាំងពីថ្ងៃទី១ខែមករា មនុស្សប្រហែល២៨០ ០០០នាក់ ត្រូវបានទទួលយក ទៅក្នុងជួរកងកម្លាំងប្រដាប់អាវុធដោយផ្អែកលើកិច្ចសន្យា”។កាលពីឆ្នាំមុន លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានបញ្ជាឲ្យមានការកែនទ័ពបម្រុងចំនួន ៣០០ ០០០នាក់ ជាហេតុជំរុញឲ្យមនុស្សរាប់សែននាក់ រត់ភៀសខ្លួនចេញពីប្រទេសរុស្ស៊ី ដើម្បីគេចពីការបញ្ជូនឲ្យទៅប្រយុទ្ធនៅអ៊ុយក្រែន ប៉ុន្តែក្រោយមកលោក ពូទីន និយាយថា មិនចាំបាច់មានការកែនទ័ពទៀតទេ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកនយោបាយរុស្ស៊ីមួយចំនួនលើកឡើងថា រុស្ស៊ីត្រូវការកងទ័ពអាជីពចំនួន៧លាននាក់ ដើម្បីធានាសន្តិសុខរបស់ប្រទេស ដែលនេះជាវិធានការមួយ នឹងត្រូវការប្រាក់ឧបត្ថម្ភយ៉ាងច្រើន៕