រាជធានីភ្នំពេញ ៖ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា បុរសដែលទះកំផ្លៀងនារីម្នាក់ រឿងជិះម៉ូតូសាចទឹក នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីថ្ងៃទី២៥ ខែសីហានោះ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ នៅថ្ងៃទី៣០ ខែសីហានេះ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។សូមជម្រាបថា វីដេអូឃ្លីបដែលបានចែកចាយលើបណ្ដាញសង្គមហ្វេសប៊ុក បានបង្ហាញបុរសម្នាក់ បានប្រើហិ.ង្សាដូចកំរោលចូល ដែលហ៊ានលើកដៃវាយនារី ទាំងនាងប្រុងសុំទោសហើយនោះនៅតាមផ្លូវ រឿងជិះម៉ូតូសាចទឹកដាក់គ្នា កាលពីវេលាម៉ោងប្រមាណ៦ព្រលប់ថ្ងៃទី២៥ ខែសីហា នៅតាមផ្លូវបេតុង ក្នុងភូមិទឹកថ្លាខណ្ឌសែនសុខ បន្ទាប់ពីភ្លៀងបានរាំង ។បន្ទាប់ពីមានអំពើហិ.ង្សា នារីរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅស្នាក់ការនគរបាលប៉ុស្តិ៍ទឹកថ្លា នគរបាលជំនាញ ក៏បានសហការជាមួយមួយនារីរងគ្រោះ នាំទៅបង្ហាញកន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ តាមរយៈកាមេរ៉ាសុវត្ថិភាព ដើម្បីរកបុរសរូបនោះ ។
នារីរងគ្រោះ ឈ្មោះពីសី អាយុ២៣ឆ្នាំ បាននិយាយថា បន្ទាប់ពីកើតហេតុ នាងមិនចង់អោយអ្នកផ្ទះដឹងនោះទេ ដោយសារតែមានការបង្ហោះវីដេអូ ទើបនៅវេលាយប់ ក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលទឹកថ្លា តែម្តង ។
នារីរងគ្រោះ បានអោយដឹងទៀតថា នៅមុនពេលកើតហេតុ ប្អូនប្រុសនាងបានទៅដឹកនាងពីកន្លែងធ្វើការ ដោយសារតែមុននេះ មានភ្លៀងដកទឹក លិចផ្លូវ ម៉ូតូទាបខ្លាចរលត់ ប្អូនក៏បានខំ រោទិ៍ម៉ាស៊ីនម៉ូតូ ក៏សាចទឹកប៉ះពូម្នាក់ ហើយពូម្នាក់នោះ ស្រែកឡូឡារករឿងហៅ ង៉ែងៗ ហើយនាងឈប់ប្រុងសុំទោស ស្រាប់តែគាត់ទះកំផ្លៀង ១ដៃចំថ្ពាល់ ហើយប្អូនប្រុស ក៏មានការប្រតាយប្រតប់គ្នា តែម្តង ។
ក្រោយមក កម្លាំងនគរបាលខណ្ឌសែនសុខ រួមនឹងនគរបាលប៉ុស្តិ៍ទឹកថ្លា ឃាត់ខ្លួនបុរសឈ្មោះ ទី សុផាន់ណា អាយុ៤១ឆ្នាំ កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៨ សីហា ឆ្នាំ២០២៣ នៅចំណុចផ្ទះជួលរបស់បុរសរូបនោះ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋានខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធី ៕
«ឃាត់ខ្លួនបានហើយ! បុរសម្នាក់ប្រើហិ.ង្សាលើនារីរឿងជិះម៉ូតូសាចទឹក»
«បុរសម្នាក់ប្រើហិ.ង្សាលើនារីរឿងជិះម៉ូតូសាចទឹក ត្រូវសមត្ថកិច្ចកំពុងស្រាវជ្រាវរកអត្តសញ្ញាណ ហើយ»