(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់តំណែង នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជំនួសនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ដែលត្រូវបានតែងតាំងជា ឧបនាយករដ្ឋមន្ដ្រី សម្រាប់នីតិកាលទី៧។ ពិធីប្រកាសចូលកាន់មុខតំណែងអគ្គស្នងការថ្មី នៃអគ្គស្នងការដ្ឋាននគរបាលជាតិនេះ ត្រូវបានធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ ដែលមានការចូលរួមពី អគ្គស្នងការរងនគរបាលជាតិ, ប្រធាននាយកដ្ឋានកណ្ដាល, អនុប្រធាននាយកដ្ឋាន, ប្រធាននាយកដ្ឋាន និងស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត។
គួរជម្រាបថា ចាប់ពីឆ្នាំ២០០៨ រហូតមកដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ អគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ជាអគ្គស្នងការ ប៉ុន្ដែពេលរាជរដ្ឋាភិបាល នីតិកាលទី៧ ដឹកនាំដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចូលកាន់តំណែងនោះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ត្រូវបានតែងតាំងជា ឧបនាយករដ្ឋមន្ដ្រី។ ក្នុងរយៈកាលប្រមាណជាង១៥ឆ្នាំ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ក៏កសាងស្នាដៃ និងសមិទ្ធផលសំខាន់ៗជាច្រើនគួរឲ្យកត់សម្គាល់ ពិសេសគឺចូលរួមថែរក្សាការពារសន្ដិភាព ធានាបានស្ថេរភាពនយោបាយ ពិសេសសន្ដិសុខផ្ទៃក្នុង ការពារបានប្រក្រតីភាពរបស់ស្ថាប័នកំពូលៗ រួមទាំងស្ថាប័នព្រះមហាក្សត្រ។
កាន់តែសំខាន់ទៀតនោះ គឺទប់ស្កាត់ និងការពាររាល់ការប៉ុនប៉ងចង់បំផ្លាញកម្ពុជា ពីសំណាក់ក្រុមឧបបាយកលពួកអគតិ ជ្រុលនិយម ពោលសកម្មភាពទាំងឡាយ ដែលចង់បំផ្លាញសន្ដិភាព និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតនេះមិនអាចប្រព្រឹត្តទៅបាននោះទេ។ ជាការកត់សម្គាល់ សមត្ថភាពរបស់កងកម្លាំងនគរបាលជាតិទាំងអស់ ក៏ត្រូវបានពង្រឹង និងលើកកម្ពស់ជាបន្ដបន្ទាប់ ដើម្បីដើរឲ្យទាន់ស្ថានការណ៍សកលដែលកាន់តែវិវឌ្ឍន៍ទៅមុខផងដែរ។ ព្រឹត្តិការណ៍សំខាន់ៗ ចុងក្រោយនេះ គឺការពារកិច្ចប្រជុំកំពូលអាស៊ាន, កិច្ចប្រជុំកំពូលពាក់ព័ន្ធ, កិច្ចការពារព្រឹត្តិការណ៍នយោបាយជាតិ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់, ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការប្រកួតកីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ រហូតឈានដល់ការបង្កើតនូវរាជរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំរបស់ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលជាការផ្លាស់ប្ដូរជាប្រវត្តិសាស្ដ្ររបស់កម្ពុជា។
ដោយឡែក សម្រាប់អគ្គស្នងការថ្មី នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលត្រូវបានប្រកាន់ចូលកាន់តំណែងនេះ គឺនាយឧត្តមសេនីយ៍ ស ថេត។ លោក ស ថេត កំពុងកាន់មុខតំណែងជា អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ហើយត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ តម្លើងឋានន្ដរស័ក្ដិថ្នាក់ នាយឧត្តមសេនីយ៍ និងជាអគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣។ ក្នុងពេលកាន់តំណែងជា អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត ក៏បានកសាងសមិទ្ធផល និងស្នាដៃជាច្រើនផងដែរ ពោលចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣ ដែលមានរយៈពេល៥ឆ្នាំ។ ក្រៅពីដឹកនាំបញ្ជាកងកម្លាំងចូលរួមការសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម លោក ស ថេត ក៏បានផ្ដួចផ្ដើមកសាងនៅអគាររដ្ឋបាលដ៏ធំស្កឹមស្កៃមួយផងដែរ នៅតាមបណ្ដោយផ្លូវឯកឧត្តមជាសុផារ៉ា (ផ្លូវ៥៩៨) ដែលចំណាយថវិកាសាងសង់សរុបជាង១៤លានដុល្លារ សំដៅធានាដល់ការបំពេញភារកិច្ចរបស់កម្លាំងនគរបាលរាជធានីភ្នំពេញ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត៕