ទឹកដោះគោក្រដាសភាគច្រើន គេផលិតឡើងសម្រាប់ក្មេងអាយុចាប់ពី ៦ឆ្នាំទៅ ឬអាចផលិតសម្រាប់ក្មេងអាយុតិចជាង នេះ ដោយមានបញ្ជាក់នៅលើសម្បកផលិតផលទាំងអស់នោះស្រាប់។ ប៉ុន្តែអាណាព្យាបាលភាគច្រើន មិនបានយកចិត្ត ទុកដាក់លើសេចក្តីណែនាំ ហើយខ្លះទៀត ថែមទាំងបានផ្តល់ទឹកដោះគោក្រដាសដល់បុត្រធីតា ជំនួសអាហាររូបត្ថម្ភ ធ្វើឱ្យក្មេងឧស្សាហ៍ឈឺ និងមានផលប៉ះពាល់ផ្សេងទៀត។ នេះបើតាមការបញ្ជាក់របស់ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅ។
លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ពន្យល់ថា ទឹកដោះគោក្រដាស មិនសូវមានសារជាតិចិញ្ចឹម ប្រូតេអ៉ីន វីតាមីន គ្រប់គ្រាន់ទេ គឺសម្បូរតែសារធាតុផ្អែម និងជាតិម្សៅ ហើយមានការបញ្ជាក់ពីអាយុកុមារ ដែលគួរផ្តល់ផងដែរ។ លោកបន្ថែមថា អ្វីដែលត្រូវផ្តល់ឱ្យកុមារអាយុចាប់ពី ៦ខែឡើង គឺសារជាតិចិញ្ចឹមធម្មជាតិ ដែលមាននៅក្នុងត្រី សាច់ បន្លែ ស៊ុតជាដើម ដើម្បីយកមកចម្អិនធ្វើជាបបរខាប់គ្រប់គ្រឿងសម្រាប់ក្មេង កិនបញ្ចុកក្មេង។
ជាក់ស្តែង ស្ថិតក្រោមការពិនិត្យ និងព្យាបាល វេជ្ជបណ្ឌិតរូបនេះបញ្ជាក់ថា មានកុមារជាច្រើនមានបញ្ហាកង្វះគ្រាប់ឈាម ក្រហម ដែលផ្តើមចេញពីកត្តាចំណីអាហារ។ ក្នុងចំណោមនោះ កុមារម្នាក់អាយុ ១ឆ្នាំ រកឃើញថា មានបញ្ហាកង្វះគ្រាប់ ឈាមក្រហម។
វេជ្ជបណ្ឌិតរូបនេះ បញ្ជាក់ទៀតថា ក្រោយសាកសួរប្រវត្តិនៃការទទួលទានរបស់ក្មេង ទើបដឹងថា កុមាររូបនោះទទួលទានតែទឹកដោះគោក្រដាស មិនសូវជាមានអាហាររូបត្ថម្ភបន្ថែមឡើយ ជាហេតុធ្វើឱ្យក្មេងខ្សោយ និងឧស្សាហ៍ឈឺ។ លោកថា “បើមើលពីសភាពខាងក្រៅ ក្មេងមានសាច់ឈាមនិងគីឡូធម្មតា ប៉ុន្តែមានភាពស្លេកស្លាំង ឧស្សាហ៍ឈឺ ឧស្សាហ៍ក្តៅខ្លួន”។
បើតាមលោកវេជ្ជបណ្ឌិត ហ៊ាង រតនា បញ្ហាចំបងរបស់កុមារតូច កត្តាចំណីអាហារនៅតែជាមូលហេតុសំខាន់ ហើយក្មេងដែលកង្វះគ្រាប់ឈាម លូតលាស់មិនបានល្អទេ ទាំងរាង្គកាយ និងបញ្ញាស្មារតី។ វេជ្ជបណ្ឌិតរូបនេះ គូសបញ្ជាក់ថា គុណវិបត្តនៃទឹកដោះគោក្រដាស គឺធ្វើឱ្យសាច់ក្មេងជ្រាយៗ ឆាប់ឈឺ ឆាប់រលាកបំពង់ក រលាកពោះវៀន ឬបញ្ហាផ្សេងៗជាដើម។
លោកវេជ្ជបណ្ឌិត លើកទឹកចិត្តដល់មាតា បំបៅដោះកូនតែមួយមុខគត់ ចាប់ពីកើតរហូតដល់អាយុ ៦ខែ និងបន្តបំបៅដល់អាយុ ២ឆ្នាំ និងចាប់ផ្តល់ចំណីអាហារល្អៗ ដូចជាបបរខាប់គ្រប់គ្រឿង ឬប្រភេទទឹកដោះគោម្សៅកំប៉ុង ដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ដល់ទារកចាប់ពីអាយុ ៦ខែឡើងទៅ៕