ជំងឺមហារីកសុដន់ គឺជាជំងឺមួយប្រភេទ ដែលកាចសហាវកើតមានចំពោះស្ត្រី ហើយក៏អាចប៉ះពាល់ដល់អាយុជីវិតផងដែល ប្រសិនជាស្រ្តីមិនបានយកចិត្តទុកដាក់ និងដឹងពីរបៀបនៃការពិនិត្យសុដន់ដោយខ្លួនឯង ដើម្បីចៀសវាងមានជំងឺមួយនេះ។
ក្រសួងកិច្ចការនារី បានបង្ហោះវីដេអូ ណែនាំពីជំងឺមហារីកសុដន់ នៅលើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ សម្រាប់ឱ្យសាធារណជនបានដឹងពីជំងឺមហារីកសុដន់ និងវិធីស្ទាបសុដន់ខ្លួនឯងដើម្បីបង្ការ។ មហារីកសុដន់ កើតឡើងដោយកោសិកានៅតំបន់សុដន់ មានភាពខុសពីធម្មតា ហើយនាំឱ្យកោសិកាទាំងនោះរីកលូតលាស់លឿន ដែលមិនអាចគ្រប់គ្រងបាន ហើយក្លាយជាដុំសាច់កាច និងវិវត្តន៍ទៅជាជំងឺមហារីកសុដន់។ នេះបើតាមក្រសួងកិច្ចការនារី។
តាមប្រភពដដែលបានឱ្យដឹងថា ស្ត្រីដែលប្រឈមនឹងកើតជំងឺមហារីកសុដន់មានដូចជា ស្ត្រីមានឈាមរដូវមុនអាយុ១២ឆ្នាំ។ ស្រ្តីឆាប់អស់ឈាមរដូវ ឬ កម្រអស់ឈាមរដូវក្រោយអាយុ ៥៥ឆ្នាំ។ ស្ត្រីធាត់ខ្លាំងនៅពេលអស់ឈាមរដូវ។ ស្ត្រីដែលអ័រម៉ូនកើនឡើងខ្លាំង ក្នុងពេលមានឈាមរដូវ ហើយមិនត្រឡប់មកធម្មតាវិញក្រោយពេលអស់ឈាមរដូវ។ ស្រ្តីមានកូននៅវ័យក្មេងពេក ឬ កម្រមានកូន។ ស្ត្រីមានកូនដំបូងចាប់ពីអាយុ៣០ឆ្នាំទៅ ហើយផ្ទៃពោះគាត់មិនដែលគ្រប់ខែ។ ស្ត្រីដែលមានប្រវត្តិសាច់ញាតិតិចបំផុត ដែលមានកើតជំងឺមហារីកសុដន់។
ចំពោះរបបអាហារក៏ជាកត្តាសំខាន់មួយដែល ក្រសួងកិច្ចការនារីបង្ហាញថា ស្ត្រីដែលបរិភោគជាតិខ្លាញ់ខ្ពស់ ឬ អាហារមានថាមពលខ្លាំង ក៏មានបញ្ហា។ ស្រីដែលចូលចិត្តទទួលទានស្រាក្រោយអស់ឈាមរដូវ។ ចំណែក ស្រ្តីដែលប្រើប្រាស់ថ្នាំអ័រម៉ូន អឺស្ត្រូហ្សែន (Oestrohen) ក្រោយពេលអស់ឈាមរដូវ ក៏អាចប្រឈមនឹងជំងឺនេះបានដែរ។
ក្រសួង បានបង្ហាញពីរោគសញ្ញា និងវិធីបង្ការដូចខាងក្រោម៖
- រោគសញ្ញានៃជំងឺមហារីកដសុដន់
អ្នកអាចពិនិត្យទៅដឹងថាមានមហារីកសុដន់ ដោយសារឃើញមានដុំមួយ ឬ ច្រើន នៅក្នុងសុដន់ តូច ឬ ធំ ប៉ុន្តែដុំនេះមិនអាចរំកិលបានទេ ព្រោះវាជាប់ស្អិតនឹងដុំសាច់។ ស្បែកសុដន់ មានរាងដូចសំបកក្រូច។ ក្បាលសុដន់ផត ឬ លិបចូលក្នុង ហើយមានការប្រែប្រួលទំហំខុសធម្មតាខ្លាំង។ ចេញទឹកដោះ ឬ មានខ្ទុះលាយឈាមតិចៗ និងមានកូនកណ្តុរនៅក្រោមក្លៀក។
- វិធីបង្ការ
ដើម្បីជៀសពីជំងឺមួយនេះបាន ស្ត្រីមិនគួរជក់បារី ឬ ប្រើថ្នាំជក់ និងប្រើប្រាស់គ្រឿងស្រវឹងនោះទេ។ បរិភោគអាហារជំនួយសុខភាព សាច់ ត្រី បន្លែ និងមានលំហាត់ប្រាណ ៥ថ្ងៃក្នុងមួយអាទិត្យ។
ជំងឺនេះ អ្នកអាចដឹងតាមរយៈការប៉ះ ឬ ស្ទាបដោយខ្លួនឯង ប្រសិនជាប្រទះឃើញមានដុំពកនៅសុដន់ ត្រូវទៅពិនិត្យនៅមន្ទីរពេទ្យជាបន្ទាន់។ ជាមួយគ្នានេះ ប្រសិនជាអ្នកជិតមកឈាមរដូវ គឺពិនិត្យមិនឃើញនោះទេ។ ក្រៅពីស្ទាបមានវិធីដូចជា អេកូសុដន់ ពិនិត្យគាបសុដន់ ការថតស្កេន ការថតអ៊ឹមអរអាយ (MRI) និងការចោះដុំសាច់ដោយធ្វើតាមម៉ាស៊ីនអេកូ។
ដូច្នេះហើយ គួរមានការប្រុងប្រយ័ត្នខ្ពស់ និងឧស្សាហ៍ពិនិត្យសុខភាពរបស់ខ្លួនឯងជាប្រចាំ។ ប្រសិនជាឃើញថាមានបញ្ហាខាងលើ អ្នកអាចទៅពិគ្រោះ និងព្យាបាលជាមួយគ្រូពេទ្យ នៅមន្ទីរពេទ្យបង្អែក មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យជាតិ។ វិធីព្យាបាល គឺតាមរយៈវះកាត់ដុំសាច់មហារីកដោយកាត់សុដន់ចេញទាំងមូល ឬ ផ្នែកណាមួយ។ ការព្យាបាលដោយកាំរស្មី ការចាក់ថ្នាំគីមី។ វិធីព្យាបាលទាំងអស់នេះ អាស្រ័យតាមកម្រិតមហារីកធ្ងន់ ឬ ស្រាល៕