រាជធានីភ្នំពេញ ៖ រថយន្តយីឌុបដឹកស៊ីម៉ង់ត៌១គ្រឿង ខណៈបើកបរលឿនបានវាក់ជាមួយកម្មករ កម្មការិនីរាប់សិបនាក់កំពុងដើរឆ្លងផ្លូវចូលទៅធ្វើការរោងចក្រ ស្រាប់តែជាន់ហ្វ្រាំងមិនជាប់ក៏រេចង្កូតឡើងបុកសួនច្បារពុះចែកទ្រូងផ្លូវទាំងកម្រោល បណ្ដាលឲ្យក្រឡា.ប់សង្ក.ត់ទៅលើរថយន្ត២គ្រឿង រងខូចខាតតែម្ដង ។ នេះសំណាងខ្លាំងណាស់ដែលរថយន្តនេះមិនបានសង្ក.ត់លើក្រុមកម្មករ កម្មការិនីកំពុងដើរនោះ ហើយមហាជនបានលើកឡើងថា «តើរថយន្តនេះបើកលឿនប្រញាប់ទៅស្លា.ប់ឯណា បើឃើញផ្លូវចង្អៀតហើយមនុស្សកំពុងដើរឆ្លងផ្លូវទាំងច្រើនយ៉ាងនឹង?»។ហេតុការណ៍ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង៦និង៣៥នាទីព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នៅតាមមហាវិថីឈ្នះ ឈ្នះ ត្រង់ចំណុចមុខរោងចក្រកាត់ដេរ«ប៊ឺរី» ខាងជើងស្ពានអាកាសផ្លូវក្រវាត់ក្រុងទី៣ ស្ថិតនៅក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។អ្នកឃើញហេតុការណ៍បាននិយាយថា នៅមុនពេលកើតហេតុ គាត់បានឃើញរថយន្តយីឌុបខាងលើម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-6166 ដឹកស៊ីម៉ង់ត៌ពេញទ្រុង បើកបរចេញពីផែស្ងួតតេងឡាយ ធ្វើដំណើរក្នុង ល្បឿនលឿននិងក្នុងទិសដៅពីជើងទៅត្បូង។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ បានវាក់ជាមួយកម្មករកម្មការិនីរាប់សិបនាក់កំពុងដើរឆ្លងកាត់ផ្លូវចូលទៅធ្វើការនៅក្នុងរោងចក្រខាងលើ ។ ខណៈនោះដោយសារតែរថយន្តបើកលឿនជាន់ហ្វ្រាំងឈប់តែជាន់មិនជាប់ ក៏រេចង្កូតបុកឡើងសួនច្បារពុះទ្រូងផ្លូវ បណ្ដាលឲ្យក្រឡាប់សង្កត់លើរថយន្ត២គ្រឿងរងខូចខាតប៉ុន្តែពុំបានបណ្ដាលឲ្យគ្រោះថ្នាក់ដល់មនុស្សឡើយ។តាមប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា រថយន្តដែលរងការខូចខាតដោយសារតែរថយន្តដឹកស៊ីម៉ង់ត៌ក្រឡា.ប់សង្ក.ត់លើ ក្នុងនោះ១គ្រឿងម៉ាកកូរ៉ូឡា ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AO-0826 ត្រូវរថយន្តបង្កសង្កត់ជាប់ពីលើតែម្ដង ។ ដោយឡែករថយន្ត១គ្រឿងទៀត ម៉ាកម៉ាស្តា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BO-7378 ត្រូវរថយន្តបង្កសង្ក.ត់ចំផ្នែកខាងក្រោយ ហើយរថយន្តរងគ្រោះទាំង២គ្រឿងនោះបើកបរធ្វើដំណើរស្របទិសគ្នាជាមួយរថយន្តបង្កផងដែរ ។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣និងនគរបាលចរាចរខណ្ឌពោធិ៍សែនជ័យ បានចុះទៅ សម្រួលបញ្ចៀសការកកស្ទះចរាចរណ៍លើដងផ្លូវ បន្ទាប់មកបានរាយការជូននគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានរាជធានីភ្នំពេញ ចុះទៅធ្វើការវាស់វែងនិងស្ទូចលើកយករថយន្តទាំង៣គ្រឿងយកទៅរក្សាទុក ដោះស្រាយនៅពេលក្រោយ ៕