(កៀវ)៖ មន្ត្រីក្នុងតំបន់បានឱ្យដឹងនៅថ្ងៃពុធនេះថា ប្រទេសរុស្ស៊ីបានបន្តកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធគ្រាប់ធញ្ញជាតិ នៅក្នុងតំបន់ Odessa ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន ដោយប្រើប្រាស់យន្តហោះដ្រូន ក្នុងការវាយឆ្មក់ពេញមួយយប់លើកន្លែងស្តុកទុក និងកំពង់ផែតាមដងទន្លេ Danube ដែលទីក្រុងកៀវកំពុងប្រើប្រាស់វាកាន់តែខ្លាំងឡើង សម្រាប់ការដឹកជញ្ជូនគ្រាប់ធញ្ញជាតិទៅកាន់អឺរ៉ុប បន្ទាប់ពីទីក្រុងម៉ូស្គូបានដកខ្លួនចេញពីកិច្ចព្រមព្រៀង នាំចេញគ្រាប់ធញ្ញជាតិតាមច្រកសមុទ្រខ្មៅ។
នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣។ អភិបាលក្រុង Odessa លោក Oles Kiper បាននិយាយថា គោលដៅចម្បងនៃការវាយប្រហារដោយយន្តហោះដ្រូនរបស់រុស្ស៊ី គឺកំពង់ផែ និងឃ្លាំងគ្រាប់ធញ្ញជាតិ រួមទាំងកំពង់ផែនៅទន្លេ Danube ផងដែរ។ លោក Kiper បានឱ្យដឹងទៀតថា កងការពារអាកាសអ៊ុយក្រែន អាចស្ទាក់ចាប់យន្តហោះដ្រូនទាំងនោះចំនួន ១៣ គ្រឿង។ វាគឺជាការវាយប្រហារចុងក្រោយបំផុត ចំពេលមានការវាយប្រហារតាមអាកាសជាច្រើនសប្តាហ៍ ដោយបានកំណត់គោលដៅលើកំពង់ផែនៅតំបន់ដីសណ្ដ Danube ដែលមានចម្ងាយត្រឹមតែ ១៥គីឡូម៉ែត្រពីព្រំដែនប្រទេសរ៉ូម៉ានីប៉ុណ្ណោះ។ ទន្លេ Danube គឺជាទន្លេដែលវែងជាងគេទីពីរនៅអឺរ៉ុប និងជាផ្លូវដឹកជញ្ជូនដ៏សំខាន់។ បន្ទាប់ពីវិមានក្រឹមឡាំងបានលុបចោលកិច្ចព្រមព្រៀង ដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ និងតួកគីកាលពីរដូវក្តៅមុន ទីក្រុងកៀវបានព្យាយាមប្តូរទិសការដឹកជញ្ជូនគ្រាប់ធញ្ញជាតិរបស់ខ្លួន ឆ្លងកាត់ទន្លេ Danube និងផ្លូវថ្នល់ និងផ្លូវដែកទៅកាន់អឺរ៉ុប។
ប៉ុន្តែតម្លៃនៃការដឹកជញ្ជូនតាមរបៀបនេះគឺខ្ពស់ជាងច្រើន ខណៈដែលកំពង់ផែ Danube មិនអាចផ្គត់ផ្គង់បរិមាណដូចគ្នា នឹងកំពង់ផែសមុទ្រនោះទេ។ គួរបញ្ជាក់ថា នៅថ្ងៃពុធនេះដែរ អ៊ុយក្រែនបាននិយាយថា កប៉ាល់ដឹកទំនិញដំបូងគេដែលត្រូវប្រើប្រាស់ច្រករបៀងថ្មី បានចាកចេញកំពង់ផែនៅភាគខាងត្បូងប្រទេសរបស់ខ្លួនហើយ បើទោះបីជារុស្ស៉ីបានគំរាមថា កងទ័ពជើងទឹករបស់ខ្លួនអាចនឹងកំណត់គោលដៅវាយប្រហារលើកប៉ាល់ទាំងឡាយ ដែលចាកចេញពីអ៊ុយក្រែនក៏ដោយ៕