(បាងកក)៖ ប្រធានរដ្ឋសភាថៃ លោក វ៉ាន់ មហាំម៉ាត់ នួរម៉ាថា (Wan Muhamad Noor Matha) បានប្រកាសថាសមាជិកសភាថៃនឹងបោះឆ្នោតជ្រើសរើស នាយករដ្ឋមន្ត្រីថ្មីនៅសប្ដាហ៍ក្រោយ ដើម្បីបិទបញ្ចប់ភាពជាប់គាំង។ នេះបើតាមការដកស្រង់ចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០២៣។
ការប្រកាសខាងលើរបស់លោក វ៉ាន់ មហាំម៉ាត់ ធ្វើឡើងក្នុងថ្ងៃតែមួយដែលតុលាការធម្មនុញ្ញនៃប្រទេសថៃ កាលពីថ្ងៃពុធសប្ដាហ៍នេះ បានសម្រេចបដិសេធ ចំពោះសំណើរបស់គណបក្ស Move Forward ដែលចង់ឱ្យមានការត្រួតពិនិត្យឡើងវិញ ទៅលើការសម្រេចចិត្តរបស់សភានាពេលកន្លងមកនេះ ដែលបាន រារាំងមិនឱ្យបេក្ខជនរបស់ខ្លួនអាចត្រូវឈរឈ្មោះសាជាថ្មីនានាយករដ្ឋមន្រ្តី។ ការសម្រេចខាងលើរបស់តុលាការធម្មនុញ្ញថៃនាពេលនេះ គឺជាការរំលាយ ទាំងស្រុងនូវក្តីសង្ឃឹមរបស់គណបក្ស Move Forward ក្នុងការបង្កើតរដ្ឋាភិបាលថ្មី។
ថ្លែងប្រាប់អ្នកសារព័ត៌មានដោយប្រកាសថាការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីរបស់ថៃ នឹងធ្វើឡើងនៅថ្ងៃទី២២ ខែសីហា លោក វ៉ាន់ មហាំម៉ាត់ បានគូសបញ្ជាក់ដូច្នេះថា «ថាតើការជ្រើសរើសនាយករដ្ឋមន្ត្រីអាចសម្រេចបានជោគជ័យ ឬក៏យ៉ាងណា គឺអាស្រ័យលើសម័យប្រជុំនេះ»។ គួរបញ្ជាក់ថា គណបក្ស ភឿថៃ (Pheu Thai) ដែលជាបក្សជាប់ចំណាត់ថ្នាក់លេខទី២ ក្នុងការបោះឆ្នោតសកលកាលពីខែឧសភា នឹងជាអ្នកដឹកនាំ កិច្ចប្រឹងប្រែងបង្កើតរដ្ឋាភិបាលថ្មី ដោយជ្រើសតាំងបេក្ខជនរបស់ខ្លួន គឺមហាសេដ្ឋីអចលនទ្រព្យ លោក ស្រេតថា ថាវីស៉ីន (Srettha Thavisin) ជានាយករដ្ឋមន្រ្តី៕