ខេត្តបាត់ដំបង ៖ បុរសម្នាក់ដែលអាណាព្យាបាលអះអាងថា មានជំងឺសរសៃប្រសាទបានធ្វើអត្ត-ឃា-តដោយអារ-ក-ស-ម្លា-ប់ខ្លួន ក្រោយនាំទៅឲ្យគ្រូពេទ្យប្រចាំភូមិចាក់ថ្នាំចំនួន០២ម្ជុល កាលពីវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី ១៦ សីហា នៅភូមិរាមគន់ ឃុំគារ ស្រុកមោងប្ញស្សី។
បុរសនោះឈ្មោះ រិទ្ធ ប៊ុនធឿន អាយុ៣៦ឆ្នាំ រស់នៅភូមិតាតុក១ ឃុំមោង ស្រុកមោងប្ញស្សី។ សមត្ថកិច្ចបានស្រង់សំដីអាណាព្យាបាលជនរងគ្រោះថា បុរសនេះកើតជំងឺសរសៃប្រសាទប្រហែល០៥ឆ្នាំកន្លងមកហើយ។ ជននេះបានកាន់កូនកាំបិតរត់ចេញពីផ្ទះគ្រូពេទ្យប្រចាំភូមិម្នាក់ឈ្មោះ តុន ចូលទៅកាន់ផ្ទះអ្នកភូមិនៅក្បែរនោះ រួចអារកសម្លាប់ខ្លួនឯងបណ្ដាលឲ្យប្រកាច់ស្លាប់ក្នុងថ្លុកឈាម ខណ:អាណាព្យាបាលរត់ដេញតាមចាប់យ៉ាងប្រផាប់ប្រភីងពីក្រោយ។
បើតាមការបំភ្លឺរបស់អាណាព្យាបាលបានរៀបរាប់ប្រាប់សមត្ថកិច្ចថា កូនប្រុសគាត់កើតរោគសរសៃប្រសាទប្រហែល០៥ឆ្នាំកន្លងមកហើយ។ នៅព្រឹកកើតហេតុ គាត់នាំកូនទៅចាក់ថ្នាំនៅផ្ទះគ្រូពេទ្យខាងលើ។ គាត់ប្រាប់សមត្ថកិច្ចថា ពេលគ្រូពេទ្យចាក់ថ្នាំ០២ម្ជុលរួច មិនដឹងយ៉ាងម៉េច ស្រាប់តែកូនគាត់ស្ទុះរត់ចេញពីផ្ទះគ្រូពេទ្យ ក្នុងដៃមានកាន់កូនកាំបិតផង។ ពួកគាត់បានព្យាយាមរត់ដេញតាមដកយកកាំបិត តែដេញមិនទាន់។ ពេលនោះកូនគាត់បានរត់ចូលផ្ទះអ្នកភូមិនៅក្បែរនោះ ហើយពេលគាត់រត់ទៅដល់ស្រាប់តែឃើញកូនគាត់អារ.កសម្លាប់ខ្លួន ដេកលើដីខាងមុខផ្ទះគេបាត់ទៅហើយ ជាមួយនឹងឈាមជោគជាំ។
អាណាព្យាបាលមិនបាននិយាយលំអិតអំពីប្រវត្តិកូនប្រុសរូបនេះប្រាប់សមត្ថកិច្ចទេ ក្រៅពីរៀបរាប់អំពីរឿងរ៉ាវមុនពេលកើតហេតុ និង និយាយពីសាវតាជំងឺរបស់កូនដោយសង្ខេបប្រាប់សមត្ថកិច្ច។ សមត្ថកិច្ចបានរាយការណ៏ថា ជនរងគ្រោះបានប្រើប្រាស់កូនកាំបិតចុងស្រូចអារកធ្វើអត្តឃាតខ្លួនឯង នៅពេលសំដៅទៅកាន់ផ្ទះអ្នកភូមិនៅក្បែរនោះ។ ប៉ុន្តែគេមិនបាននិយាយពីរឿងកូនកាំបិតដែលជនរងគ្រោះសម្លាប់ខ្លួន តើជននេះយកពីណាមកទេ ? ស្រាប់តែក្រោយគ្រូពេទ្យចាក់ថ្នាំរួច ក៏រត់ចេញទៅសម្លាប់ខ្លួនតែម្ដង។
យ៉ាងណា នេះគ្រាន់តែយោងលើរបាយការណ៏បឋមរបស់សមត្ថកិច្ចតែប៉ុណ្ណោះ ដែលសួរនាំនៅកន្លែងកើតហេតុ និងស្រង់សំដីអាណាព្យាបាលជនរងគ្រោះ។