(ហាវ៉ៃ)៖ ក្រុមអ្នកជួយសង្គ្រោះដែលកំពុងចូលរុករកតាមផ្ទះ និងរថយន្តដែលត្រូវដុតកម្ទេចនៅរដ្ឋហាវ៉ៃ អាចរកឃើញជនរងគ្រោះពី ១០ ទៅ ២០ នាក់ក្នុងមួយថ្ងៃៗ ។គិតត្រឹមពេលនេះ ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ៩៦ នាក់ហើយ ជាហេតុធ្វើឲ្យវាក្លាយជាភ្លើងឆេះព្រៃដ៏សាហាវបំផុត របស់សហរដ្ឋអាមេរិក ក្នុងរយៈពេលជាងមួយសតវត្សរ៍។
អភិបាលរដ្ឋហាវ៉ៃលោក Josh Green បានប្រាប់ CBS News ថា យើងអាចចំណាយពេលរហូតដល់ទៅ ១០ ថ្ងៃឯណោះ ដើម្បីដឹងពីចំនួនអ្នកស្លាប់ជាក់លាក់ ខណៈចំនួនមនុស្សបាត់ខ្លួនឥឡូវនេះ មានប្រហែល ១,៣០០ នាក់ ។គិតត្រឹមថ្ងៃអាទិត្យ ទី១៣ ខែសីហា មន្ត្រីនៅទីក្រុង Lahaina បាននិយាយថា ពួកគេទើបតែរុករកបាន ៣ ភាគរយប៉ុណ្ណោះក្នុងទីក្រុង ហើយពួកគេបាននិងកំពុងប្រើសត្វឆ្កែហិតក្លិន ដើម្បីស្វែងរកជនរងគ្រោះបន្ថែម។
យោងតាមទីភ្នាក់ងារក្នុងតំបន់, សត្វឆ្កែសរុប ១០ ក្បាល ត្រូវបានដាក់ពង្រាយដោយក្រុមស្វែងរក និងជួយសង្គ្រោះរបស់ទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នសហព័ន្ធ (FEMA) ។ក្រុមមន្ត្រីបានប្រាប់អ្នកយកព័ត៌មានថា មនុស្សជាច្រើនក៏ត្រូវបានបញ្ជូនពីនាយកដ្ឋានពន្លត់អគ្គិភ័យភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ាផងដែរ ។ទោះបីជាយ៉ាងណាក៏ដោយ អ្នកគ្រប់គ្រង FEMA លោក Deanne Criswell បានបដិសេធផ្តល់ការប៉ាន់ប្រមាណ អំពីរយៈពេលដែលបេសកកម្មស្វែងរក និងសង្គ្រោះត្រូវចំណាយ ព្រោះតែស្ថានភាពគ្រោះថ្នាក់ខ្លាំងពេក៕