(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ធនធានថ្មីនៃកងកម្លាំងនគរបាលជាតិ ប្រកបដោយសក្តានុពល ដើម្បីបន្តវេនក្នុងការងារសន្តិសុខជាតិ និងដើម្បីចូលរួមចំណែកក្នុងការរក្សាសន្តិភាព ស្ថិរភាពនយោបាយ អធិបតេយ្យជាតិ ទាំងមូល។
សម្តេចបានលើកឡើងដូចនេះ ក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ វិទ្យាសាស្ត្រនគរបាល ជូនដល់និស្សិតជ័យលាភី ចំនួន ៥៦៩នាក់ នៅបណ្ឌិត្យភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣។
សម្តេចក្រឡាហោម បានលើកឡើងថា នេះជាសក្ខីភាពបង្ហាញអំពី សមិទ្ធផលនៃការងារកំណែទម្រង់នគរបាលជាតិ និងការអនុវត្តផែនការ អភិវឌ្ឍធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ ស្របតាមគោលនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់រាជរដ្ឋាភិបាល។ សម្តេចក្រឡាហោម ក៏បានផ្តល់អនុសាសន៍ដល់ បណ្ឌិត្យសភានគរបាលកម្ពុជាផងដែរ ឱ្យបន្តការងារបណ្ដុះបណ្ដាលដល់កងកម្លាំងនគរបាលជាតិ និងបន្តការងារអភិវឌ្ឍន៍ ស្របតាមស្តង់ដាគុណភាព និងផែនការយុទ្ធសាស្ត្ររបស់ខ្លួន ឱ្យសម្រេចបានជោគជ័យថ្មីៗបន្ថែមទៀត។ ក្រៅពីនេះក៏បានណែនាំដល់និស្សិតជ័យលាភីទាំងអស់ ឱ្យយកចំណេះដឹង និងជំនាញវិជ្ជាជីវៈ ដែលទទួលបានពីការបណ្ដុះបណ្ដាលទៅអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការបម្រើអង្គភាព សង្គមជាតិ និងប្រជាពលរដ្ឋ ដោយប្រកាន់ខ្ជាប់នូវវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈច្បាស់លាស់៕