(អេក្វាឌ័រ)៖ គណបក្សប្រឆាំងដ៏ធំមួយរបស់ប្រទេសអេក្វាឌ័រ ឈ្មោះ “ខន់ស្ទ្រូយ៉េ” (Construye) បានប្រកាសតែងតាំងបេក្ខភាពប្រធានាធិបតីថ្មី ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតនៅថ្ងៃខាងមុខ ក្រោយពីមេដឹកនាំរបស់ខ្លួនគឺលោក Fernando Vilavicencio ត្រូវបានគេលបធើ្វឃាត អំឡុងកំពុងឃោសនាស្វែងរកសម្លេងឆ្នោតមួយកាលពីពេលថ្មីៗកន្លងទៅ។
អ្នកតំណាងរបស់គណបក្ស ខន់ស្ទ្រូយ៉េ ឬជាភាសាអេស្ប៉ាញមានន័យថា ”ស្ថាបនានិយម” បានថ្លែងប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទការសែតមួយក្នុងរដ្ឋធានីហ្គីតូ ថា គេបានសម្រេចចិត្តជ្រើសរើសលោក Christian Zurita ជាអតីតអ្នកសារព័ត៌មានដែលធ្លាប់ជាអ្នកបំរើការងារជិតស្និទ្ធមួយរូបរបស់ជនរងគ្រោះ មកឱ្យកាន់តំណែងជាបេក្ខភាពប្រធានាធិបតីជំនួសឱ្យអ្នកនយោបាយរងគ្រោះ វ័យ ៥៩ឆ្នាំខាងលើ បន្ទាប់ពីស្លាប់ក្នុងករណីឃាតកម្ម កាលពីខែកក្កដា ។
គួររំលឹកជូនថា អតីតមេដឹកនាំគណបក្ស ខន់ស្ទ្រូយ៉េ ដែលបានស្លាប់ក្នុងរឿងក្តីឃាតកម្ម ធ្លាប់ជាអតីតសមាជិកតំណាងរាស្រ្តនិងជាអ្នកកាសែតស៊ើបអង្កេតដ៏លេចធ្លោមួយរូប ធ្លាប់បានបង្ហាញការរិះគន់ និងបកអាក្រាតយ៉ាងសកម្មនូវរឿងរ៉ាវនៃអំពើពុករលួយរបស់រដ្ឋាភិបាលសព្វថ្ងៃ ដែលដឹកនាំដោយលោកប្រធានាធិបតី Guillermo Lasso ។ យ៉ាងណាមិញ ការប្រកាសជ្រើសរើសលោក Zurita មកធ្វើជាបេក្ខភាពប្រធានាធិបតីរបស់គណបក្ស ខន់ស្ទ្រូយ៉េ នៅពេលនេះដែរ គឺចាំបាច់ត្រូវរង់ចាំការអនុម័តសម្រេចពីស្ថាប័នគណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសអេក្វាឌ័រជាមុនសិន ៕