ប៉ៃលិន៖ ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ ខេត្តប៉ៃលិន បានប្រារព្ធពិធីអបអរសាទរទិវាមច្ឆាជាតិ ១ កក្កដា ២០២៣ ស្ថិតក្រោមអធិបតីភាព លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងបានលែងកូនត្រីចម្រុះចំនួនជាង ១៥០០០ក្បាល ចូលទៅក្នុងសំណង់ស្ទាក់ទឹក ស្ថិតក្នុងភូមិកំពង់ចម្លងក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ផងដែរ។
ក្នុងឱកាសនោះ ក៍មានការអញ្ជើញចូលរូមពីសំណាក់ ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធាន-អនុប្រធានមន្ទីរអង្គភាព មន្រ្តីរាជការ ព្រះសង្ឃ អង្កការជាតិ-អន្តរជាតិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ។
បើតាមរបាយការណ៍របស់ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានឱ្យដឹងថា៖ ទិវាមច្ឆាជាតិនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងផ្សារភ្ជាប់នូវមនោសញ្ចេតនាជាមួយបងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនប្រជានេសាទ និងបំផុសចលនាប្រជាពលរដ្ឋគ្រប់ៗរូប ឱ្យចូលរួមយ៉ាងសកម្ម ក្នុងការថែរក្សាពូជន៍ត្រី ក៍ដូចជាវារីជាតិផ្សេងៗទៀត ឱ្យមាននៅក្នុងដែនទឹកធម្មជាតិផង ព្រមទាំងបង្កើនផលត្រីនៅតាមដំបន់ ដែលមិនជាប់ដែននេសាទ ជាពិសេសនៅតាមតំបន់វាលទំនាប និងវាលស្រែ ក្នុងទូទាំងខេត្តប៉ៃលិន ដើម្បីធានាឱ្យមានផលត្រីនៅតាមទីជនបទឆ្ងាយដាច់ស្រយ៉ាល។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ក្នុងស្ថានភាព នៃកំណើនតម្រូវការស្បៀងអាហារ ដោយរត់តាមកំណើនសេដ្ឋកិច្ច និងកំណើនប្រជាជននាពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យកសិកម្មជាវិស័យអទិភាពមួយ ក្នុងនោះអនុវិស័យជលផល នៅតែដើរតួនាទីយ៉ាងសំខាន់ផងដែរ ក្នុងការចូលរួមចំណែក រក្សានិរន្តរភាពនៃកំណើនសេដ្ឋកិច្ច ធានាសមធម៌ ធានាសុវត្ថិភាព សន្តិសុខស្បៀង និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទ ហើយក៍ជាបណ្តាញមួយ នៃសុវត្ថិភាពសង្គម ដោយសារត្រី និងវារីជាតិផ្សេងៗទៀត នៅតែជាអាហារយ៉ាងសំខាន់មិនអាចខ្វះបានរបស់ប្រជាជនខ្មែរយើង បន្ទាប់ពីស្រូវ-អង្ករ។
លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ បច្ចុប្បន្ននេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើកំណែទំរង់ស៊ីជម្រៅលើវិស័យជលផល ដោយបានធ្វើការ កាត់រំសាយចោលនូវឡូត៍នេសាទទឹកសាបទូទាំងប្រទេស ហើយប្រគល់ឲ្យសហគមន៍គ្រប់គ្រង និងប្រើប្រាស់ ប្រកបដោយនិរន្តភាព ដោយការធ្វើនេសាទជាលក្ខណៈគ្រួសារ ក្នុងគោលបំណង ដើម្បីលើកស្ទួយជីវភាពរស់នៅ និងផ្គត់ផ្គង់ស្បៀងដល់ប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីកាត់បន្ថយភាពក្រីក្រស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍ជំរុញដល់ខណ្ឌរដ្ឋបាលជលផល ត្រូវរៀបចំដាក់ស្លាកកន្លែងអភិរក្សជលផលឱ្យបានច្បាស់លាស់ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ព្រមទាំងធ្វើសកម្មភាពគ្រប់គ្រងកន្លែងអភិរក្សជលផលឱ្យប្រកបដោយសុវត្ថិភាព ជាពិសេសរួមសហការគ្នា បង្ក្រាបបទល្មើសជលផល និងទប់ស្កាត់រាល់ការប្រើប្រាស់ ឧបករណ៍នេសាទ ដែលបំផ្លិចបំផ្លាញធ្ងន់ធ្ងរ ដល់ធនធានធម្មជាតិរបស់យើងឱ្យមានប្រសិទ្ធភាពខ្ពស់ ហើយត្រូវខិតខំបំផុស និងគាំទ្រ ឱ្យប្រជាពលរដ្ឋ ធ្វើការចិញ្ចឹមត្រីជាលក្ខណៈគ្រួសារ និងលើកទឹកចិត្តដល់វិស័យឯកជន ឱ្យវិនិយោគលើការងារចិញ្ចឹមត្រីដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ ព្រមទាំងធ្វើការកែច្នៃរផលិតផលជលផល ដើម្បីនាំចេញ។
សូមបញ្ជាក់ថា៖ ក្នុងពិធីអបអរសាទរទិវាមច្ឆាជាតិ ១ កក្កដា ២០២៣ នេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងក្រុមការងារ បានប្រលែងកូនត្រីពូជ មានដូចជា៖ ត្រីឆ្ពិន ត្រីកាហែ និងត្រីចម្រុះ ប្រមាណជាង ១៥០០០ក្បាល ទៅក្នុង ចូលទៅក្នុងសំណង់ស្ទាក់ទឹក ស្ថិតក្នុងភូមិកំពង់ចម្លងក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលសាងសង់ ឡើងនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ហើយបានបញ្ចប់នៅឆ្នាំ២០០០ មានបណ្តោយ ២ ៦០០ម៉ែត្រ ទទឹង៧០ ម៉ែត្រ ជម្រៅទឹក ៦-៧ម៉ៃត្រ ជាថវិការបស់ក្រសួងធនធានទឹក និងឧតុនិយម។
អត្ថបទ៖ លោក ញ៉ឹប បូរី