ប៉ៃលិន៖ ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃរដ្ឋបាលខេត្ត ដើម្បីពង្រឹងការអនុវត្តន៍តួនាទីភារកិច្ច និងប្រសិទ្ធភាពការងារ ដែលពិធីនេះមានការចូលរួមពីសំណាក់ លោក-លោកស្រី អភិបាលរងខេត្ត នាយក-នាយករងរដ្ឋបាល ខេត្ត នាយក-នាយករងទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត មន្ត្រី និងមន្ត្រីជាប់កិច្ចសន្យាផងដែរ ។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរដោយស្មោះ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាលខេត្ត ដែលបានរួមសាមគ្គី សហការគ្នាបានល្អ តាមតួនាទីភារកិច្ចរៀងៗខ្លួន ដើម្បីរួមចំណែកអភិវឌ្ឍន៍ខេត្តប៉ៃលិន ឲ្យទទួលបាននូវសមិទ្ធផលថ្មីៗជាច្រើន និងបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអនុវត្តតាមអនុសាសន៍ និងគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់ទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ។
លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ដោយផ្អែកទៅតាមស្ថានភាពវិវឌ្ឍនៃប្រទេសជាតិ ក្នុងដំណាក់កាលចុងក្រោយ មន្ត្រីរាជការ ត្រូវប្រែឥរិយាបទពីអ្នកគ្រប់គ្រង ទៅជាអ្នកបំរើសេវាសាធារណៈ ដូច្នេះមកដល់វេលានេះ យើងជាមន្ត្រីរាជការ ដែលកំពុងបំពេញភារកិច្ច នៅក្នុងតួនាទីភារកិច្ច ត្រូវមានការយល់ដឹង និងដើរឲ្យស្របទៅតាមគោលនយោបាយនេះ ដើម្បីឆ្លើយតបទៅនឹងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋឲ្យបានស្មើៗគ្នាដូចៗគ្នា និងកាន់តែល្អប្រសើរថែមទៀត ជាពិសេសត្រូវរួមសហការគ្នាបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានគាប់ប្រសើរ ដោយឈរលើគោលការណ៍ធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាពផងដែរ។
ក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់ មន្ត្រីរាជការទាំងអស់ នៃរដ្ឋបាលខេត្ត ត្រូវខិតខំបំពេញការងារ និងម្ចាស់ការទទួលខុសត្រូវលើកិច្ចការ ដែលថ្នាក់ដឹកនាំបានប្រគល់ជូនឱ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ជាពិសេសត្រូវខិតខំធ្វើការអភិវឌ្ឍន៍សមត្ថភាពបំពេញការងាររបស់ខ្លួនម្នាក់ៗ ឱ្យស្របតាមសម័យបច្ចេកវិទ្យាព័ត៌មានទាន់សម័យនាពេលបច្ចុប្បន្ន ក្នុងនោះផងដែរក៍ត្រូវខិតខំព្យាយាមរៀនសូត្រពីរៀមច្បង ដែលមានពិសោធន៍ការងារមុនៗ ហើយតាមទីចាត់ការ-អង្គភាពនីមួយៗ សូមផ្ដល់ និងចែករំលែកចំណេះដឹង និងបទពិសោធន៍ការងារល្អៗ ឬក៏អាចនិយាយបានថា អ្នកចេះបង្រៀនអ្នកមិនចេះ អ្នកមិនចេះត្រូវប្រឹងក្រេបជញ្ជក់ចំណេះដឹងពីអ្នកចេះ ។
សូមបញ្ជាក់ថា៖ បន្ទាប់ពីឡើងកាន់មុខតំណែងជាអភិបាលខេត្តប៉ៃលិន រយៈពេលជិត ៣ឆ្នាំមកនេះ លោកជំទាវ បាន ស្រីមុំ បានយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះការពង្រឹងការអនុវត្តន៍តួនាទីភារកិច្ចរបស់មន្ត្រីរាជការ ដើម្បីបង្កើនប្រសិទ្ធភាពការងារ ក្នុងការបម្រើជាតិ និងប្រជាជន ។
អត្ថបទ៖ លោក ញ៉ឹប បូរី