(ភ្នំពេញ) ៖សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជាបានអញ្ជើញជួបសំណេះសំណាលនិងពិសាអាហារសាមគ្គីជាមួយសមាជិករាជរដ្ឋាភិបាលទាំងសមាជិករាជរដ្ឋាភិបាលចាស់និងសមាជិករាជរដ្ឋាភិបាលថ្មីដែលនឹងចូលកាន់តំណែងបន្តសម្រាប់នីតិកាលទី៧នៃរដ្ឋសភា។
នៅក្នុងពិធីសំណេះសំណាលដែលរៀបចំនៅវិមាន៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជាស្ថិតក្នុងខណ្ឌចំកាមន រាជធានីភ្នំពេញនារសៀលថ្ងៃទី១០សីហានេះ បានប្រព្រឹត្តិទៅក្នុងបរិយាកាសសោមនស្សរីករាយនិងស្និទ្ធស្នាលប្រកបដោយមោទនភាពដែលគណបក្សដ៏ធំមួយនេះត្រូវបានការស្រឡាញ់ពេញចិត្តបន្តគាំទ្រមរយៈសម្លេងឆ្នោតយ៉ាងភ្លូកទឹក ភ្លូកដី ដើម្បីបន្តដឹកនាំគ្រប់គ្រង កសាង ការពារជាតិមាតុភូមិឱ្យរីកចម្រើនរុងរឿងតទៅមុខទៀត ។
គួរបញ្ជាក់ផងដែរថា ក្រោយជ័យជម្នះលើការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលនាំឱ្យបក្សប្រជាជនកម្ពុជាទទួលបាន ១២០អាសនៈក្នុងសភា នោះកាលពីថ្ងៃទី៧សីហា ប្រធានគណបក្ស ប្រជាជនកម្ពុជាសម្តេចតេជោបានឧទ្ទេសនាមឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសកម្ពុជាដោយបានដាក់ថ្វាយទៅ ព្រះមហាក្សត្រហើយក៏ទទួលបាននូវការត្រាស់បង្គាប់ចាត់តាំងពីព្រះ មហាក្សត្រផងដែរ ។
ជាបន្តបន្ទាប់ ឯកឧត្តមបណ្ឌិតក៏បានទទួលនូវគោរមងារដ៏ថ្លៃថ្លាពីអង្គព្រះមហាក្សត្របន្ថែមទៀតគឺងារជាឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ហើយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត លោកនឹងបង្កើតគណៈរដ្ឋមន្ត្រីថ្មីមួយដើម្បីសុំការទុកចិត្តពីរដ្ឋសភានៅថ្ងៃទី២១ ខែសីហាខាងមុខនេះហើយៗនៅថ្ងៃទី២២សីហា គណៈរដ្ឋមន្ត្រី ថ្មីនឹងចូលធ្វើការក្នុងរាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ ជាផ្លូវការ។នេះជាការផ្លាស់ប្ដូរដ៏ធំមួយនៃប្រវត្តិសាស្ត្រនយោបាយកម្ពុជាបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន បានកាន់តំណែងជា នាយករដ្ឋមន្រ្តីអស់រយៈពេល ៣៨ឆ្នាំ ។ សម្រាប់ការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រនៅពេលនេះ ថ្នាក់ដឹកនាំ មហាជន ប្រជាជនដែលជាម្ចាស់ឆ្នោតក៏សុទ្ធតែបានបង្ហាញការគាំទ្រនិងពេញចិត្តយ៉ាងខ្លាំងចំពោះការសម្រេចចិត្តដ៏មោះមុត ក្នុងបរិបទសម្រាប់យុវជនអ្នកបន្តវេនដែលនឹងចាប់ផ្តើមពីដើមអាណត្តិទី៧នេះតែម្តង។ វត្តមាននៃការជួបជុំដ៏អធិកអធមនេះ ជាសក្ខីកម្មបង្ហាញយ៉ាងច្បាស់ថា គណបក្សប្រជាជនកម្ពុជាទោះក្នុងកាលៈទេសៈណាក៏ដោយតែងតែរក្សាបាននូវសុខដុមភាព មិនមានការបែកបាក់ដូចអ្វីដែលពួកប្រឆាំងតែងតែបំភ្លៃការពិតនោះឡើយ៕