(កីឡា)៖ ក្រុម Al Nassr FC បានបង្កើតប្រវត្តិសាស្ត្រដំបូងក្នុងការឡើងដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Arab Club Championship Cup ឆ្នាំ២០២៣ បន្ទាប់ពីបានយកឈ្នះក្រុម Al Shorta ដោយលទ្ធផល ១-០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីយប់មិញ។ ការប្រកួតពិតរវាង Al Shorta និង Al Nassr FC ពិតជាតឹងតែងខ្លាំងមែនទែន ដោយសារ Al Shorta បានការពារយ៉ាងល្អមែនទែន បើទោះបីជាក្រុមដែលដឹកនាំដោយប្រធានក្រុម Ronaldo សម្រុកយ៉ាងណាក៏ដោយ។ ផ្ទុយទៅវិញ Al Shorta បានវាយបកម្តងម្កាលក៏គ្រោះថ្នាក់។
ដល់នាទី៧៥ ទើបអាជ្ញាកណ្តាលសម្រេចផ្តល់បាល់ពិន័យ១១ម៉ែត្រដល់ Al Nassr FC ដែលប្រធាន Ronaldo ស៊ុតបានសម្រេចដើម្បីនាំមុខ ១-០។ បន្ទាប់ពីដៃគូនាំមុខ Al Shorta ទទួលបានឱកាសបាល់ដាច់មាត់ទៅហើយ ប៉ុន្តែអ្នកចាំទី Al Nassr FC សង្គ្រោះបាល់បានជោគជ័យ។ចំណែកក្រុម Al Hilal ទទួលបានជ័យជម្នះដោយលទ្ធផល ៣-១ លើក្រុម Al Shabab បើទោះបីជាសមាជិករបស់ខ្លួន១រូបត្រូវបានពិន័យកាតក្រហម។
Al Hilal បើកការនាំមុខ ១-០ នៅនាទីទី៩ដោយកីឡាករ Kanno ប៉ុន្តែសមាជិករបស់ខ្លួន Muaiouf ទទួលបានកាតក្រហមនៅនាទីទី២៥ដើម្បីចេញពីលាន។ ទោះបីជាសមាជិកសល់តែ១០រូប ក៏ Al Hilal នៅតែបន្តធ្វើបានល្អដោយរកបាន១គ្រាប់ទៀតដោយកីឡាករ Malcom នៅនាទីទី៤៥+៣។ នៅវគ្គទី២ Al Shabab វាយបកបាន១គ្រាប់វិញដោយកីឡាករ Guellar នៅនាទី៥៦ ដើម្បីតាមពីក្រោយ ២-១។ យ៉ាងណា ជិតចប់ការប្រកួតកីឡាករ Hamdan ស៊ុតបាន១គ្រាប់ជួយឲ្យ Al Hilal ទទួលបានជ័យជម្នះ ៣-១។
ដូច្នេះនៅវគ្គផ្តាច់ព្រ័ត្រ ក្រុម Al Nassr FC ជួប Al Hilal នៅវគ្គផ្តាច់ព្រ័ត្រ នាយប់ថ្ងៃសៅរ៍ ទី១២ ខែសីហា ឆ្នាំ២០២៣។តារាជើងស៊ុត Ronaldo បានក្លាយជាកីឡាករល្អប្រចាំការប្រកួតកាលពីយប់មិញ និងជាកីឡាកររកបានគ្រាប់បាល់នាំមុខគេ (៤គ្រាប់) ខណៈ Kamrim Benzima រកបាន៣គ្រាប់ ប៉ុន្តែក្រុមរបស់ខ្លួនបានធ្លាក់នៅវគ្គ៨ក្រុមចុងក្រោយបាត់ហើយ។ នេះជាលើកដំបូងដែល Al Nassr FC បានឡើងដល់វគ្គផ្តាច់ព្រ័ត្រចចាប់តាំងពីពានរង្វាន់ធំប្រចាំតំបន់អារ៉ាប់មួយនេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៨១ ខណៈ Al Hilal ធ្លាប់ឈ្នះជើងឯកពីរដង ឆ្នាំ១៩៩៤ ១៩៩៥ និងជើងឯករងពីរដង ឆ្នាំ១៩៨៩ ២០១៩៕