(អន្តរជាតិ)៖ បេក្ខជនម្នាក់ ដែលឈរឈ្មោះសម្រាប់ការបោះឆ្នោតប្រធានាធិបតីអេក្វាឌ័រនាពេលខាងមុខ ត្រូវបានគេបាញ់សម្លាប់។ លោក Fernando Villavicencio សមាជិកនៃសភាជាតិរបស់ប្រទេសនេះ ត្រូវបានវាយប្រហារ បន្ទាប់ពីព្រឹត្តិការណ៍មួយ ក្នុងទីក្រុង Quito នៅថ្ងៃព្រហស្បតិ៍ទី១០ខែសីហា។សមាជិកនៃក្រុមយុទ្ធនាការរបស់គាត់ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា លោក Villavicencio ហៀបនឹងចូលក្នុងឡានទៅហើយ ស្រាប់តែមានបុរសម្នាក់ ដើរទៅបាញ់គាត់ចំកណ្តាលក្បាលតែម្តង។ ការស្លាប់នេះ ក៏ត្រូវបានបញ្ជាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយប្រធានាធិបតីបច្ចុប្បន្ន លោក Guillermo Lasso ផងដែរ។
លោកនិយាយថា លោកតក់ស្លុតចំពោះការធ្វើឃាតនេះ ហើយប្តេជ្ញា ចាប់ខ្លួនជនដៃដល់មកផ្តន្ទាទោសឲ្យទាល់តែបាន។ គួរបញ្ជាក់ថា ការបោះឆ្នោតប្រធានាធិបតីអេក្វាឌ័រ គ្រោងធ្វើឡើងនៅថ្ងៃទី២០ខែសីហានេះ។ ថ្មីៗ អេក្វាឌ័រ បានកើតមានអំពើហិង្សាកាន់តែខ្លាំង ដោយសារតែវត្តមានរបស់ក្រុមជួញដូរគ្រឿងញៀន ហើយបញ្ហានេះ គឺជាចំណុចសំខាន់នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតី។ ការធ្វើឃាតបេក្ខជនរូបនេះ កើតឡើងបន្ទាប់ពីការសម្លាប់អភិបាលក្រុង Manta លោក Agustín Intriago ក្នុងខែកក្កដា និងបេក្ខជនតំណែងអភិបាលក្រុង Puerto López លោក Omar Menéndez ក្នុងខែកុម្ភៈ៕