(មីយ៉ាន់ម៉ា)៖ ក្រុមអ្នកស៊ើបអង្កេតមួយក្រុមដែលបង្កើតឡើងដោយអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារថា របបយោធា និងក្រុមជីវពលរបស់ប្រទេសមីយ៉ាន់ម៉ា កំពុងតែបង្កើនឡើងនូវការប្រព្រឹត្តិឧក្រិដ្ឋកម្មសង្គ្រាម ក្នុងនោះរួមមានការទម្លាក់គ្រាប់បែកពីលើអាកាសទៅលើគោលដៅជនស៊ីវិលរស់នៅជាដើម។
ក្រុមស៊ើបអង្កេតនេះមានឈ្មោះពេញថា យន្តការស៊ើបអង្កេតឯករាជ្យសម្រាប់ប្រទេសមីយ៉ាន់ម៉ា ឬហៅកាត់ថា(IIMM)បាននិយាយនៅក្នុងរបាយការណ៍ដែលខ្លួនរកឃើញថា មានភស្តុតាងរឹងមំារយៈពេល១២ខែកន្លងមកនេះ ដែលទើបតែបញ្ចប់កាលពីខែមិថុនា ក្នុងនោះបានរកឃើញថា ក្រុមយោធា និងក្រុមកងជីវពលវាយប្រហារឥតរើសមុខប៉ះពាល់ទៅលើជនស៊ីវិល និងការប្រព្រឹត្តមិនបានត្រឹមត្រូវដូចជាការធ្វើទុក្ខបុកម្នេញដល់ក្រុមពលរដ្ឋស្លូតត្រង់ និងការដុតផ្ទះសម្បែងរបស់ពួកគេផងដែរ។
ក្រុមស៊ើបអង្កេតនេះត្រូវបានបង្កើតឡើងដោយក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិកាលពីឆ្នំា២០១៨ ដើម្បីពិនិត្យអំពីការរំលោភបំពានច្បាប់អន្តរជាតិនៅក្នុងប្រទេសមីយ៉ាន់ម៉ា បាននិយាយថា ខ្លួនបានប្រមូលភស្តុតាងបានច្រើនករណីដែលអាចទុកជាប្រយោជន៍សម្រាប់ប្រើប្រាស់ដាក់បន្ទុកលើការកាត់ទោសរកអ្នកទទួលខុសត្រូវនាពេលអនាគត។ ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ចូលក្នុងសភាពកោលាហលសង្គមចាប់តំាងពីក្រុមយោធាបានឡើងច្បាមអំណាច ដោយផាត់ចោលមេដឹកនំាស៊ីវិលពោលគឺលោកស្រីអ៊ុងសានស៊ូជីកាលពីខែកុម្ភៈ ឆ្នំា២០២១កន្លងទៅ ខណៈដែលសមាគមជំនួយសម្រាប់ក្រុមអ្នកទោសនយោបាយបានលើកឡើងប្រាប់ដល់បណ្តាញផ្សព្វផ្សាយអន្តរជាតិថា កម្លំាងសន្តិសុខបានសម្លាប់មនុស្សយ៉ាងតិច ៣,៩០០នាក់ជាជនស៊ីវិល និងឃាត់ខ្លួន២៤,២៣៦នាក់ផ្សេងទៀត តំាងពីថ្ងៃឡើងកាន់អំណាចនោះមក។ ក្រុមអ្នកឃ្លំាមើលសិទ្ធិមនុស្សក៏បានលើកឡើងដែរថា កាលពីខែមេសា កន្លងទៅ ក្រុមយោធាមីយ៉ាន់ម៉ាបានទម្លាក់គ្រាប់បែកទៅលើភូមិមួយ នៅក្នុងតំបន់សាហ្គំាងបង្កឱ្យស្លាប់មនុស្ស១៦០នាក់ ក្នុងនោះភាគច្រើនជាកុមារ។
ជាការឆ្លើយតបទៅនឹងការចោទប្រកាន់នេះដែរ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានចោទប្រកាន់ក្រុមកម្លំាងការពារពលរដ្ឋឬហៅថាក្រុមអ្នកគំាទ្រលទ្ធិប្រជាធិបតេយ្យថា ជាស្លាបម្ខាងរបស់រដ្ឋាភិបាលឯកភាពជាតិរបស់លោកស្រីអ៊ុងសានស៊ូជី ហើយក៏ជាក្រុមភេរវករប្រឆំាងទៅនឹងរដ្ឋាភិបាលយោធា។ ពុំមានព័ត៌មានណាមួយដែលនិយាយថា អាជ្ញាធរមីយ៉ាន់ម៉ា ត្រូវគេបើកការស៊ើបអង្កេតលើករណីឧក្រិដ្ឋកម្មសង្គ្រាមប្រឆំាងនឹងមនុស្សជាតិនោះឡើយ។
គួររំលឹកផងដែរថា ចាប់តំាងពីខែសីហាឆ្នំា២០១៧នោះមក អំបូរភាគតិចរ៉ូហ៊ីងយ៉ាជាតិមីយ៉ាន់ម៉ា បានភៀសខ្លួនចេញទៅកាន់ប្រទេសក្បែរខាងរហូតដល់ជាង៧០ម៉ឺននាក់ ក្នុងនោះភាគច្រើនទៅកាន់ប្រទេសបង់ក្លាដេស ដោយសារតែការធ្វើទុក្ខបុកម្នេញពីក្រុមយោធាមីយ៉ាន់ម៉ា៕