ភ្នំពេញ៖ ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងម៉ូតូ ២គ្រឿង បើកបុកគ្នាបណ្ដាលឲ្យដួល ខ្ទាតទៅកណ្ដាលផ្លូវ ស្របពេលនោះ មានរថយន្តយីឌុបដឹកទំនិញធុនធំ ១គ្រឿង ទៅដល់កិនអ្នកបើកបរម៉ូតូទាំងពីរ បណ្ដាលឲ្យស្លា.ប់ម្នាក់ នៅនឹងកន្លែង និងរបួសធ្ងន់ម្នាក់ បាក់ជើងទាំងសងខាង ហើយបានស្លា.ប់ ពេលបញ្ជូនទៅសង្រ្គោះដល់មន្ទីរពេទ្យ។ឧប្បត្តិហេតុខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៤ និង ២៥នាទី ល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ប្រភពព័ត៌មាន បានឲ្យដឹងថា អ្នកស្លា.ប់ ឈ្មោះ លី សុភ័ត ហៅ សុភ័ក្រ ហៅ ផប់ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ក្បែរកន្លែងកើតហេតុ និងមានស្រុកកំណើត នៅភូមិបារាយណ៍លិច សង្កាត់បារាយណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង ជិះម៉ូតូម៉ាកស៊ុយហ៊្សុយគី លែត ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង 1P-5452។ ចំណែកម្នាក់ទៀត ស្លា.ប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ឈ្មោះ គង់ ពេជ្រ ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិព្រៃរំដួល ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជិះម៉ូតូម៉ាកស្កូបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1KF-2326 ។ដោយឡែករថយន្ត ម៉ាកនីសាន់យីឌុប ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-2799 ដឹកទំនិញ ហើយអ្នកបើកបរ បានរត់គេចខ្លួនបាត់ស្រមោល។
ប្រភពដដែល បានឲ្យដឹងថា នៅមុនពេលកើតហេតុ ម៉ូតូម៉ាកស៊ុយហ៊្សុយគីលែត បានជិះចេញពីធ្វើការរោងចក្រ តាមផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ បានបត់ឆ្លងផ្លូវ ពីជើងទៅត្បូង ដើម្បីចូលទៅផ្ទះជួល។ ខណៈនោះ ស្រាប់តែម៉ូតូម៉ាកហុងដាស្កូបពី បើកលឿនគួរសមដែរ ក្នុងទិសដៅពីលិចទៅកើត ទៅដល់បុកពេញទំហឹង ដួលខ្ទាតចូលរថយន្តយីឌុបដឹកទំនិញ ដែលបើកបរ ក្នុងទិសដៅពីលិចទៅកើត កិនអ្នកជិះម៉ូតូស៊ុយហ៊្សុយគីលែត ស្លា.ប់ភ្លាមៗនៅនឹងកន្លែង។ រីឯអ្នកជិះម៉ូតូហុងដាស្កូបពី របួសធ្ងន់និងបានស្លា.ប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ។ ម៉ូតូខូចខាតទាំង ២គ្រឿងតែម្ដង។ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍កន្ទោក និងនគរបាលខណ្ឌកំបូល បានទៅសម្រួលមិនឲ្យកកស្ទះ ហើយរាយការណ៍ជូនទៅកាន់នគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទៅវាស់វែងយកទាំងរថយន្ត និងម៉ូតូ ទៅរក្សាទុក ដើម្បីកសាងសំណុំរឿងតាមច្បាប់៕