វៀតណាម៖ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ លោក គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្តប៉ៃលិន តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានដឹកនាំគណៈប្រតិភូខេត្តប៉ៃលិន ទៅខេត្តឡុងអាន នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដើម្បីចូលរួមពិធីប្រគល់-ទទួល និងបង្សុកូល បញ្ចុះអដ្ឋិធាតុយុទ្ធជនកងទ័ពស្ម័គ្រចិត្តវៀតណាម ពលីនៅកម្ពុជា ដំណាក់កាលទី២២ (រដូវប្រាំងឆ្នាំ២០២២-២០២៣) ។
លោក គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថាកិច្ចសហប្រតិបត្តិការស្វែងរុករកគាស់និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបាន ពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជា គឺជាកិច្ចសហប្រតិបត្តិការល្អ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ជាពិសេសគឺកិច្ចសហប្រតិបត្តិការល្អរវាងខេត្តប៉ៃលិន និងខេត្តឡុងអាន ។
លោកអភិបាលរងខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ចំពោះការសហប្រតិបត្តិការ និងចូលរួមស្វែងរុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពវៀតណាម គឺជាការងារមនុស្សធម៌ដ៏ល្អផង និងជាការបង្ហាញពីទឹកចិត្តរបស់ប្រជាជនកម្ពុជាផង ពីព្រោះការពលីអាយុជីវិតរបស់កងទ័ពវៀតណាម លើទឹកដីកម្ពុជា គឺជាការរួមចំណែកក្នុងរំដោះប្រទេសជាតិយើង ឱ្យមានសុខសន្តិភាពរហូតមកដល់ពេលបច្ចុប្បន្ន ។
នៅក្នុងឱកាសនោះផងដែរ លោក គោស៊ុំ ប៊ុនសឿត ក៍បានជំរុញដល់អាជ្ញាធរ គ្រប់ជាន់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ ត្រូវបន្តខិតខំសហ ប្រតិបត្តិការ និងបង្កលក្ខណៈងាយស្រួល ដល់ដំណើរការស្វែងរុករក គាស់ អដ្ឋិធាតុកងទ័ពវៀតណាម ដែល បានពលីជីវិតនៅទឹកដីខេត្តប៉ៃលិន ដែលនៅសេសសល់បន្តទៀត ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសវៀតណាមវិញ ។
ឯកឧត្តម ផាម តឹនហ្វា អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តឡុងអាន និងជាប្រធានគណៈកម្មការណែនាំ ៥១៥ ខេត្តឡុងអាន បានមានប្រសាសន៍សំនូមពរ ដល់កងកម្លាំងប្រដាប់ អាវុធគ្រប់ ប្រភេទ ព្រមទាំងថ្នាក់ដឹកនាំខេត្តប៉ៃលិនគ្រប់ជាន់ថ្នាក់ បន្តកិច្ចសហប្រតិបត្តិការល្អ ក្នុងការរុករក ជីកគាស់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលនៅសេសសល់ក្នុងភូមិសាស្ត្រក្រុងប៉ៃលិន និងស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីធ្វើមាតុភូមិនិវត្តន៍ ដំណាក់កាលទី២៣ រដូវប្រាំងឆ្នាំ ២០២៣-២០២៤ នាពេលខាងមុខ ឱ្យទទួលបានលទ្ធផលល្អ ពីព្រោះការស្វែងរុករក និងធ្វើមាតុភូមិ និវត្តន៍ អដិ្ឋធាតុយុទ្ធជនកងទ័ពវៀតណាមនៅកម្ពុជា គឺអនុវត្តន៍តាមកិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម និងរវាងខេត្តប៉ៃលិន និងខេត្តឡុងអាន ។
នៅក្នុងឱកាសនោះឯកឧត្តមក៍បានមានប្រសាសន៍ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អាជ្ញាធរខេត្តប៉ៃលិន គ្រប់លំដាប់ថ្នាក់ និងកងកម្លាំងគ្រប់ប្រភេទ ព្រមទាំងប្រជាពលរដ្ឋខេត្តប៉ៃលិនទាំងអស់ ដែលកន្លងមកបានសហការយ៉ាងល្អជាមួយក្រុមការងារអង្គភាព K73 របស់ ខេត្តឡុងអាន នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដែលធ្វើឱ្យដំណើរការរុករកអដិ្ឋធាតុកងទ័ពវៀតណាមទទួលបានជោគជ័យ។
គួរបញ្ជាក់ថា៖ កិច្ចសហប្រត្តិបតិការល្អ រវាងខេត្តប៉ៃលិន និង ក្រុមការងារអង្គភាព K70 ខេត្តតៃនីង និងក្រុមការងារអង្គភាព K73 ខេត្តឡុងអាន ក្នុងការរុករកជីកគាស់ អដ្ឋិធាតុកងទ័ពវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមក្នុងភូមិសាស្ត្រ ខេត្តប៉ៃលិន ចាប់តាំងពីដំណាក់កាលទី១ រហូតដល់ដំណាក់កាលទី២២ ជាលទ្ធផលសម្រេចបាន គឺរកឃើញអដ្ឋិធាតុ សរុប ចំនួន ២៣៧៣ អដ្ឋិធាតុ ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសកំណើតវិញ ហើយនៅដំណាក់កាលទី២២ រដូវប្រាំង ឆ្នាំ២០២២-២០២៣ ក្រុមការងារបានស្វែងរុករកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនកងទ័ពស្ម័គ្រចិត្តវៀតណាម នៅខេត្តប៉ៃលិន ចំនួន ៥០អដ្ឋិធាតុ ដោយសម្រេចបាន ១០០% ទៅតាមផែនាការ ។
អត្ថបទ៖ លោក ញ៉ឹប បូរី