(អាមេរិក)៖ កាលពីថ្ងៃអង្គារទី២៥ខែកក្កដា ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានប្រកាសផ្តល់ជំនួយផ្នែកសន្តិសុខបន្ថែមក្នុងទំហំទឹកប្រាក់៤០០លានដុល្លារឲ្យអ៊ុយក្រែន រួមទាំងមីស៊ីលការពារដែនអាកាស រថពាសដែក និងយន្តហោះគ្មានមនុស្សបើកផងដែរ ខណៈការវាយបករបស់អ៊ុយក្រែនប្រឆាំងរុស្ស៊ី កំពុងបន្ត។ កញ្ចប់ជំនួយថ្មីនេះ នឹងរួមបញ្ចូលសព្វាវុធមួយប្រភេទដែលសហរដ្ឋអាមេរិក មិនធ្លាប់ផ្តល់ឲ្យអ៊ុយក្រែនសោះ។ នោះគឺដ្រូនឈ្លបយកការណ៍ “ឪម៉ាល់ខ្មៅ” ដែលផលិតដោយក្រុមហ៊ុន Teledyne FLIR Defense។ក្រុមហ៊ុននិយាយថា “ឪម៉ាល់ខ្មៅ” ដែលផលិតដោយន័រវេស នឹងត្រូវបានប្រើប្រាស់នៅក្នុងប្រទេសអ៊ុយក្រែន តាមរយៈការបរិច្ចាគដោយរដ្ឋាភិបាលអង់គ្លេស និងន័រវេស។
ក្រុមហ៊ុននេះ ទទួលបានកិច្ចសន្យាតម្លៃ ៩៣លានដុល្លារអាមេរិកកាលពីខែមេសា ដើម្បីផ្តល់យន្តហោះគ្មានមនុស្សបើកឈ្លបយកការណ៍ខ្នាតតូច ដល់កងទ័ពសហរដ្ឋអាមេរិក។ លើសពីនេះ កញ្ចប់ជំនួយសព្វាវុធថ្មី រួមមាន គ្រាប់សម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot និងប្រព័ន្ធមីស៊ីលបាញ់ពីដីគោកទៅអាកាសកម្រិតខ្ពស់ (NASMS), ប្រព័ន្ធប្រឆាំងយន្តហោះ Stinger, គ្រាប់ជាច្រើនទៀតសម្រាប់ប្រព័ន្ធរ៉ុកកែតចល័តកម្រិតខ្ពស់ (HIMARS), យាន Stryker ព្រមទាំងមីស៊ីលនិងរ៉ុកកែតជាច្រើនប្រភេទទៀត។
គួរបញ្ជាក់ថា នេះគឺជាកញ្ចប់ជំនួយសន្តិសុខទី៤៣ហើយ ដែលសហរដ្ឋអាមេរិក ផ្តល់ឲ្យអ៊ុយក្រែន។ សរុបទៅ អាមេរិក បានផ្តល់ជំនួយយោធាក្នុងទំហំទឹកប្រាក់ជាង ៤៣ពាន់លានដុល្លារទៅឲ្យអ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីបើកការវាយលុកនៅឆ្នាំ២០២២៕