(កីឡា)៖ កីឡាការិនីបាល់ទាត់វ័យក្មេង Alyssa Thompson ចាប់ផ្តើមពីអ្នកគាំទ្រវិស័យកីឡាបាល់ទាត់នារីក្នុងប្រទេសអាម៉េរិក រហូតក្លាយជាកីឡាការិនីដើម្បីប្រកួតប្រជែងសម្រាប់ក្រុមនារីអាម៉េរិកនៅព្រឹត្តិការណ៍ Women’s World Cup 2023 ដែលអូស្ត្រាលី និងនូវែលសេឡង់ធ្វើជាសហម្ចាស់ផ្ទះ។កីឡាការិនីវ័យ១៨ឆ្នាំរូបនេះ បានចាប់ផ្តើមលេងបាល់ទាត់ដំបូងនៅក្នុងអាយុ ៩ឆ្នាំ ស្ថិតក្នុងក្រុមយុវជនមួយក្នុងឆ្នាំ ២០១៣។
រហូតដល់អយុ ១៣ឆ្នាំ Thompson អាចមានសមត្ថភាពចូលរួមលេងជាមួយក្រុមដែលមានកីឡាការិនីមានអាយុលើសនាងដល់ទៅ ៤ឆ្នាំថែមទៀត។ ឈានដល់វ័យ ១៧ឆ្នាំ នាងក៏ត្រូវបានចូលរួមលេងឱ្យក្រុមដែលនាងធ្លាប់ហ្វឹកហាត់កាលនៅវ័យក្មេង The Futbol Academy (TFA) ក្នុងក្រុមអាយុក្រោម ១៩ឆ្នាំ ចូលរួមប្រកួតពានរង្វាន់លីគបាល់ទាត់យុវជនរបស់អាម៉េរិកលីគ MLS Next ហើយនាងជានារីតែម្នាក់ក្នុងចំណោមការប្រកួតរបស់កីឡាករប្រុសៗ។ពេលនេះ Thompson បានក្លាយជាកីឡាការិនីជួយក្រុមអាម៉េរិកសម្រាប់បន្តការប្រកួតវគ្គចែកពូលទល់នឹងក្រុមហូឡង់ ដូចដែលនាងធ្លាប់បានទស្សនាកាលពីវ័យក្មេង។ ឆ្នាំ ២០២២ គឺជាពេលដែលកីឡាការិនីរូបនេះត្រូវបានក្រុមអាម៉េរិកកោះហៅជាលើកដំបូង និងបានបង្ហាញខ្លួនឱ្យក្រុមនារីលើកដំបូងបំផុត ដោយកាលនោះ អាម៉េរិកប្រកួតទល់អង់គ្លេស ដែលមានទស្សនាប្រមាណ ៩ម៉ឺន ក្នុងកីឡដ្ឋាន Wembley៕