ប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានប្រាប់បណ្ដាញព័ត៌មាន ឲ្យដឹងនៅល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះថា នៅខេត្តប៉ៃលិន សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧នេះ គ្រប់មណ្ឌលបោះឆ្នោតទាំងអស់ ទាំង ១២២ការិយាល័យ គឺគណបក្សប្រជាជនកម្ពុជា ឈ្នះដាច់ទាំងអស់ ជាង ៩០% លើគណបក្សផ្សេងៗ។
សូមជម្រាបថា៖ នៅខេត្តប៉ៃលិន ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ នេះ ត្រូវបានប្រព្រឹត្តទៅប្រកបដោយតម្លាភាព និងយុត្តិធម៌ត្រឹមត្រូវ ហើយប្រជាពលរដ្ឋចំនួន ៩៨.៦៤% បានមកចូលរួមបោះឆ្នោតដោយគ្មានការបង្ខិតបង្ខំនោះទេ ដោយឡែកស្ថានភាពសន្ដិសុខ និងសណ្ដាប់ធ្នាប់ទូទៅ ក្នុងដំណើរការបោះឆ្នោតនៅទូទាំងខេត្ត មានភាពស្ងប់ស្ងាត់ល្អប្រសើរ មិនមានបាតុភាពអ្វីរារាំងនោះឡើយ។
បើយោងតាមរបាយការណ៍របស់លោក ចេង ញ៉ាន់ ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តប៉ៃលិន បានឱ្យដឹងថា៖ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នៅខេត្តប៉ៃលិន មានគណបក្សនយោបាយចំនួន ១០ ចូលរួមប្រកួតប្រជែង គឺមាន៖ (គណបក្សខ្មែរតែមួយ, គណបក្សសញ្ជាតិកម្ពុជា, គណបក្សខ្មែររួបរួមជាតិ, គណបក្សស្ត្រីដើម្បីស្ត្រី, គណបក្សខ្មែរឈប់ក្រ, គណបក្សហ្វ៊ុនស៊ិនប៉ិច, គណបក្សធម្មាធិបតេយ្យ, គណបក្សយុវជនកម្ពុជា, គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា និង គណបក្សប្រជាជនកម្ពុជា) ដោយមានការិយាល័យបោះឆ្នោតចំនួន ១២២ការិយាល័យ ក្នុងនោះប្រជាពលរដ្ឋ មានឈ្មោះក្នុងបញ្ចីបោះឆ្នោត ចំនួន ៤៥.៧៤០នាក់ ស្រី ២៣.២៤៩នាក់ និងមានអ្នកសង្កេតការណ៍សរុបចំនួន ៤១៧នាក់ ស្រី ២២៧នាក់ មកពី ៨ស្ថាប័ន ៕
អត្ថបទ៖ លោក ញ៉ឹប បូរី