ប៉ៃលិន ៖ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ គណបក្សប្រជាជនខេត្តប៉ៃលិន បានបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី សមាជិកគណៈកម្មាធិការគណបក្សខេត្ត ក្រុង ស្រុក ចូលរួមចំនួន ១២៧៧២នាក់ ។
លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា៖ ក្រោមកិច្ចដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានសម្រេចជោគជ័យដ៏ធំធេងលើគ្រប់វិស័យនាពេលនេះ គឺដោយសារគណបក្សប្រជាជនកម្ពុជា មានគោលដៅចម្បងក្នុងការបន្តពង្រឹងសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ឲ្យបានរឹងមាំ និងជម្រុញការកសាង អភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យ ប្រកបដោយនិរន្តរភាព ដើមី្បថែរក្សាការពាររាល់សមទ្ធិផលនៃសង្គមជាតិឲ្យបានគង់វង្ស រំដោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ នៅថ្ងៃ៧ មករា ១៩៧៩ ការបញ្ចប់សង្គ្រាមស៊ីវិលនៅក្នុងប្រទេស ការបង្រួបបង្រួមជាតិតាមរយៈការដាក់ចេញនយោបាយឈ្នះ-ឈ្នះ ការស្វែងរកសុខសន្តិភាព ការរក្សាការពារសន្តិភាព-ស្ថិរភាព ការខិតខំអភិវឌ្ឍប្រទេសជាតិ ធ្វើប្រជាជនរស់នៅក្នុងក្ដីសុខក្សេមក្សាន្តរហូតដល់ពេលបច្ចុប្បន្ន។
លោកជំទាវប្រធានបក្សខេត្ត បានមានប្រសាសន៍បន្ថែមថា៖ «ទាំងអស់នេះគឺជាសច្ចធម៌ នៃប្រវត្តិសាស្ត្រ ដែលមិនអាចកាត់ផ្ដាច់បានពីការខិតខំរបស់គណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ហើយប្រជាជនទាំងអស់គ្នា គឺជាសាក្សីរស់ក្នុងការបញ្ជាក់ ពីសច្ចធម៌ប្រវត្តិសាស្ត្រនេះ ដូច្នេះប្រជាពលរដ្ឋទាំងអស់ត្រូវមានមនសិកា មានគោលជំហរច្បាស់លាស់ មុននឹងសម្រេចចិត្តបោះឆ្នោត ទោះបីអ្នកណានិយាយអ្វីក៏ដោយ ក៏មិនអាចកែប្រែគោលជំហររបស់ខ្លួនបានឡើយ ព្រោះប្រជាពលរដ្ឋត្រូវចេះវាយតម្លៃថា គណបក្សដឹកនាំដែលល្អ គឺជាគណបក្សដែលមានមាគ៌ា ដឹកនាំត្រឹមត្រូវ គឺជាគណបក្ស ដែលបានដឹកនាំប្រទេសឱ្យមានសុខសន្តិភាព ការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធគ្រប់ទីកន្លែង ធ្វើឱ្យប្រជាជនមានជីវភាពការរស់នៅសុខស្រួល ដែលនោះ គឺមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលបាននិងកំពុងគោលនយោបាយទាំងនេះ។
លោកជំទាវ បាន ស្រីមុំ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងពីគោលដៅចម្បងៗរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបន្តពង្រឹងសន្តិភាពស្ថិរភាព សន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានរឹងមាំ និងជម្រុញការកសាងអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ ប្រកបដោយនិរន្តរភាព ដែលជាគ្រឹះដ៏រឹងមាំក្នុងការសម្រេចគោលដៅរបស់គណបក្សប្រជាជនកម្ពុជា រយៈពេល ០៥ឆ្នាំខាងមុខ ក្នុងការអភិវឌ្ឍន៍ បម្រើប្រទេសជាតិ និងប្រជាជនតទៅមុខទៀត ដោយឈរលើមាគ៌ាសន្តិភាព ឯកភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ព្រមទាំងសូមឲ្យជនរួមជាតិ នៅគ្រប់មជ្ឈដ្ឋាន នៃព្រះរាជាណាចក្រកម្ពុជា គាំទ្រ និង ចូលរួមអនុវត្តយ៉ាងសកម្ម នូវគោលនយោបាយអភិវឌ្ឍន៍ឃុំ-សង្កាត់ ឲ្យក្លាយជាមហាចលនារបស់ជាតិយើងទាំងមូលប្រកបដោយជោគជ័យ។
ក្នុងឱកាសនោះដែរ លោកជំទាវប្រធានបក្សខេត្ត ក៍បានមានប្រសាសន៍បញ្ជាក់ថា៖ មកដល់ថ្ងៃនេះគណបក្សប្រជាជនកម្ពុជា ដែលមានកំណើតពីប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន បានប្រឹងប្រែងអស់សមត្ថភាព ប្រាជ្ញាស្មារតី បម្រើ ប្រជាជន ការពារបានសុខសន្តិភាព ស្ថិរភាព និងសុវត្ថិភាពទូទាំងប្រទេស ដូច្នេះសូមពុកម៉ែបងប្អូនប្រជាពលរដ្ឋ ទាំងសមាជិកគណបក្សប្រជាជនចាស់ និងសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ដែលទើបមកពីគណបក្សដ៏ទៃទៀត បន្តបោះ ឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ដើម្បីបានបន្តដឹកនាំប្រទេសជាតិឱ្យកាន់តែរីកចម្រើនបន្ថែមទៀត និងបន្តគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគត់ផងដែរ។
លើសពីនេះ លោកជំទាវ បាន ស្រីមុំ ក៏បានមានប្រសាន៍អំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់គ្នា ពិសេសគឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា(ទេវតាបាចផ្កា)ដែលមានលេខរៀងទី១៨ ក្នុងសន្លឹកឆ្នោត និងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានសិទ្ធបោះឆ្នោត ត្រូវគូសលើសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ដើម្បីរក្សាតម្លៃនៃសន្លឹកឆ្នោត ស្របតាមទិសស្លោក សន្លឹកឆ្នោតមួយសន្លឹក ជាការគាំទ្រគណបក្សប្រជាជនកម្ពុជាមួយសម្លេង និងបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ។
សូមបញ្ជាក់ថា៖ យុទ្ធនាការឃោសនារកសំឡេងឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ត្រូវបានចាប់ផ្តើម ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ដោយយុទ្ធនាការឃោសនានេះ មានរយៈពេល ៣សប្តាហ៍ ហើយការហែរក្បួនបិទយុទ្ធនាការឃោសនា របស់គណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានប្រព្រឹត្តិទៅ ដោយមានការដង្ហែរទៅតាមដងវិថីនានាក្នុងខេត្តប៉ៃលិន ដោយធ្វើការដង្ហែយ៉ាងអធឹកអធម លាយឡំទៅនឹងសម្លេងឧឃោសនសព្ទ័ និង សម្រែកជ័យឃោស ប្រកបទៅដោយខ្លឹមសារអត្ថន័យ គោលនយោបាយអាទិភាពរបស់គណបក្ស ទាំង ៨ចំនុច នៅក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ បន្ទាប់មកក្បួនដង្ហែរទាំងនោះក៏បានដង្ហែឆ្ពោះទៅកាន់ ឃុំ-សង្កាត់រៀងៗខ្លួនផងដែរ ដោយប្រើប្រាស់មធ្យោបាយធ្វើដំណើរ រួមមាន៖ រថយន្ត ៥២៣គ្រឿង ម៉ូតូ ២១៥៨គ្រឿង ម៉ូតូកង់បី ២៦គ្រឿង និងឧបករណ៍បំពងសម្លេង ១៤៣គ្រឿង ។
អត្ថបទ៖ លោក ញ៉ឹប បូរី