ខួរក្បាលរបស់យើង ហាក់បីដូចជាមេបញ្ជាការប្រចាំរាងកាយអ៊ឺចឹង។ វាជាអ្វីដែលមនុស្សគ្រប់គ្នាគិតថា ជាសរីរាង្គសំខាន់បំផុត។ ដូចសរីរាង្គដទៃទៀតនៃរាងកាយដែរ ខួរក្បាលរបស់យើងអាចទទួលរងពីកត្តាផ្សេងៗ ដែលពេលខ្លះយើងនឹកស្មានមិនដល់។ ថ្ងៃនេះអ្នកនឹងដឹងពី៣ចំនុច ដែលអាចប៉ះពាល់ដល់សុខភាពខួរក្បាលរបស់យើង ខណៈដែលយើងមិនបានដឹងខ្លួន។
១. មិនទទួលទានអាហារពេលព្រឹក
ការសិក្សាបង្ហាញថា កុមារដែលញ៉ាំអាហារពេលព្រឹក ទទួលបានលទ្ធផលល្អប្រសើរនៅសាលារៀន ជាពិសេសនៅក្នុងមុខវិជ្ជាវិទ្យាសាស្ត្រ។ ការមិនបរិភោគអាហារពេលព្រឹក បណ្តាលឱ្យមានការថយចុះកម្រិតជាតិគ្លុយកូសក្នុងឈាម ដែលជាលទ្ធផលប៉ះពាល់ដល់មុខងារខួរក្បាល។
២. កង្វះទំនាក់ទំនង
ការសិក្សាដែលធ្វើឡើងនៅសាកលវិទ្យាល័យមីឈីហ្គែន សហរដ្ឋអាមេរិក បានបង្ហាញថា សូម្បីតែការប្រាស្រ័យទាក់ទងសូម្បីតែ ១០នាទីក្នុងមួយថ្ងៃ អាចបង្កើនសមត្ថភាពផ្លូវចិត្ត។ វាមិនចាំបាច់ក្នុងការចេញទៅក្រៅនិងនិយាយជាមួយមនុស្សទេ ព្រោះថាសម័យនេះគឺសម័យកូវីដ។ អ្នកអាចគ្រាន់តែនិយាយជាមួយនឹងមនុស្សដែលអ្នកស្គាល់តាមរយៈអ៊ីនធើណេត ឬ តាមរយៈទូរស័ព្ទ ក៏បានដែរ។
៣. ទទួលទានស្ករច្រើនពេក
យោងតាមការស្រាវជ្រាវ បរិមាណស្ករដ៏ច្រើនជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់កត្តាប្រព័ន្ធសរសៃប្រសាទរបស់ខួរក្បាល ដែលទទួលខុសត្រូវចំពោះការផលិតណឺរ៉ូនសរសៃប្រសាទ។ វាធ្វើឱ្យប៉ះពាល់ជាអវិជ្ជមានដល់ ការបង្កើតការចងចាំនិងការរៀនសូត្ររយៈពេលវែង។ ដូចនេះ អ្នកគួរតែកាត់បន្ថយការទទួលទានផ្អែម ព្រោះថាវាក៏ធ្វើឱ្យមានផលប៉ះពាល់ដល់សុខភាពយើងផ្សេងទៀតផងដែរ៕