ខេត្តបន្ទាយមានជ័យ ៖ អ្នកបើកគ្រឿងចក្រម្នាក់រងរបួសធ្ងន់ ខណៈបើកគ្រឿងចក្រ(រឡូកិ.នថ្នល់) ជា.ន់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បណ្តាលឲ្យផ្ទុះ ពេលកំពុងកិ.នបង្ហាប់ដីផ្លូវលំមួយកន្លែងស្ថិតនៅចំណុចលើផ្លូវលំចាស់ ខាងកើតផ្សារធំថ្មីអូរបីជាន់ ចម្ងាយប្រហែល២៥០ម៉ែត្រភូមិបន្ទាយថ្មី ឃុំអូរបីជាន់ ស្រុកអូរជ្រៅ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៤រសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ ។
នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំអូរបីជាន់ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សុខ ហ៊ីង ភេទប្រុស អាយុ៦៨ឆ្នាំ រស់នៅភូមិអូរខៃដន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត អ្នកបើកបរគ្រឿងចក្រ(រឡូកិ.នថ្នល់) ។
នគរបាលបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ មានក្រុមហ៊ុនមួយបានធ្វើផ្លូវលំនៅចំណុចខាងកើតផ្សារថ្មីអូរបីជាន់ ពេលនោះអ្នកបើករឡូបានបើកកិ.នបង្ហាប់ដីផ្លូវក៏ជាន់ចំគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះបណ្តាលឲ្យផ្ទុះរងបួសអ្នកបើកបរនិងខូចខាតគ្រឿងចក្រ តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃឡើយ ។ ជនរងគ្រោះត្រូវបានដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា ជប៉ុននៅស្រុកមង្គលបូរី ។
នគរបាលប៉ុស្តិ៍បានបញ្ជាក់ថា បើតាមការពិនិត្យនៅកន្លែងកើតហេតុ មន្ត្រីជំណាញអង្គភាពហេឡូត្រតាសបានបញ្ជាក់នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣នេះថា គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនេះ គឺជាប្រភេទមីនតោនដែលកប់ក្នុងដីតាំងពីសម័យសង្គ្រាម ៕