(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ គ.ជ.ប បានឲ្យដឹងថា តាមរយៈការបោះឆ្នោតកន្លងមកនេះ គឺប្រជាពលរដ្ឋខ្មែរភាគច្រើន បានយល់ដឹងច្បាស់អំពីការគូសសន្លឹកឆ្នោត ដោយសន្លឹកឆ្នោតបានការមានភាគរយខ្ពស់ជាងសន្លឹកឆ្នោតមិនបានការ។ លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប មានប្រសាសន៍ថា ព្រះរាជាណាចក្រកម្ពុជា បានរៀបចំការបោះឆ្នោតជាច្រើនលើកមកហើយ។ ក្នុងនោះ ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ បានរៀបចំ ៦លើករួចមកហើយ និងនៅឆ្នាំ ២០២៣ គឺជាការរៀបចំការបោះឆ្នោតលើកទី ៧។
លោកថា តាមរយៈបទពិសោធន៍ នៃការបោះឆ្នោតជាច្រើនលើកមកហើយនេះ គឺប្រជាពលរដ្ឋខ្មែរភាគច្រើន មានការយល់ដឹងច្បាស់អំពីការគូសសន្លឹកឆ្នោត ដើម្បីគាំទ្រគណបក្សនយោបាយដែលខ្លួនពេញចិត្ត។ អ្នកនាំពាក្យ គ.ជ.ប បានបន្តថា «តាមរយៈនៃការគូសនេះ យើងពិនិត្យឃើញអំពីគំនូសដែលគិតថា ជាគំនូសបាននោះ គឺមានភាគរយច្រើនណាស់ ភាគយខ្ពស់ជាងសន្លឹកឆ្នោត ដែលជាសន្លឹកឆ្នោតមិនបានការ ហើយសន្លឹកឆ្នោតមិនបានការនេះ យើងឃើញថា វាមានចំនួនតិចប្រមាណជាជិត ១០ភាគរយ នៃចំនួនសន្លឹកឆ្នោតសរុប»។ បើតាមលោក សោម សូរីដា សម្រាប់សន្លឹកឆ្នោតមិនបានការនេះ មិនមែនមានតែនៅក្នុងប្រទេសកម្ពុជានោះទេ ពោលគឺប្រទេសផ្សេងទៀតនៅលើពិភពលោក ក៏មានករណីសន្លឹកឆ្នោតមិនបានការនេះដែរ។
មន្ត្រីជាន់ខ្ពស់ គ.ជ.ប រូបនេះ បានបន្ថែមថា «ប៉ុន្តែយ៉ាងណាក៏ដោយ ខ្ញុំនៅតែមានសុទិដ្ឋិនិយមចំពោះប្រជាពលរដ្ឋខ្មែរ លោកពិតជាមានការយល់ដឹងច្រើនជុំវិញការគូសសន្លឹកឆ្នោត នៅពេលដែលលោកអញ្ជើញទៅបោះឆ្នោត»។ ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣។ ប្រជាពលរដ្ឋខ្មែរ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ ២០២២ មានចំនួនជាង ៩លាន ៧សែននាក់៕