(កីឡាជាតិ)៖ សហព័ន្ធខ្មែរកីឡាហែលទឹក នឹងបញ្ចូនអត្តពលិកហែលទឹក ២រូប គឺកីឡាករកូនកាត់ខ្មែរ-អាមេរិក សុវណ្ណ ម៉ុនត្រុស និងកីឡាការិនី ចរិយា ទៅចូលរួមការប្រកួតកីឡាហែលទឹកពិភពលោក ដែលរួមដំណើរដោយលោក ហែម គីរី ជាអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក និងលោក ហែម ថុនពន្លឺ ជាគ្រូបង្វឹក។ កម្មវិធីប្រកួតខាងលើនេះ នឹងប្រព្រឹត្តទៅពីថ្ងៃទី២០ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ នៅក្នុងទីក្រុង Fukuoka ប្រទេសជប៉ុន។ សហព័ន្ធកីឡាហែលទឹកពិភពលោក (WORLD AQUATICS) ក៏បានអញ្ជើញសហព័ន្ធខ្មែរកីឡាហែលទឹក ឱ្យចាត់បញ្ជូនមន្រ្តីថ្នាក់ដឹកនាំចំនួន ០១នាក់ ដើម្បីទៅចូលរួមប្រជុំក្នុងកម្មវិធីមហាសន្និបាតរបស់សហព័ន្ធកីឡាហែលទឹកពិភពលោក (WORLD AQUATICS General Congress) ផងដែរ។
ក្នុងឱកាសនោះដែរ សហព័ន្ធខ្មែរកីឡាហែលទឹក ត្រូវបានជ្រើសរើសឱ្យឡើងធ្វើបទបង្ហាញអំពីវឌ្ឍនភាពរបស់សហព័ន្ធ និងការជួយជម្រុញគាំទ្របន្ថែមសម្រាប់ការអភិវឌ្ឍបន្ត។ មានតែ ១០ប្រទេសប៉ុណ្ណោះ ដែលត្រូវបានជ្រើសរើសឱ្យឡើងធ្វើបទបង្ហាញនេះ ហើយនេះក៏ជាលើកទី១ សម្រាប់សហព័ន្ធខ្មែរកីឡាហែលទឹក បានធ្វើឱ្យពិភពលោកស្គាល់អំពីការអភិវឌ្ឍនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ចំពោះកីឡាករ សុវណ្ណ និងកីឡាការិនី ចរិយ៉ា ក៏បានចូលរួមស៊ីហ្គេមលើកទី៣២ តំណាងឲ្យកម្ពុជា ប៉ុន្តែគួរឱ្យសោកស្ដាយដែលពួកគេមិនបានយកមេដាយជូនកម្ពុជាបាន។ សម្រាប់សមិទ្ធផលនៅស៊ីហ្គេមលើកទី៣២ ក្រុមអត្តពលិកហែលទឹកកម្ពុជាដណ្តើមបានមេដាយ ៥គ្រឿង ក្នុងប្រភេទកីឡាហែលទឹកជើងទា (Finswimming)៕