(កេនយ៉ា)៖ ក្រុមមន្ត្រីនៅកន្លែងកើតហេតុ បានបញ្ជាក់ឱ្យដឹងថា ក្រុមបាតុករដែលនាំគ្នាគប់ដុំថ្មតាមដងផ្លូវ បានប៉ះទង្គិចគ្នាជាមួយមន្ត្រីនគរបាលនៅតាមទីក្រុងមួយចំនួន នៅក្នុងប្រទេសកេនយ៉ា កាលពីថ្ងៃពុធម្សិលមិញ ហើយនេះគឺជាការតវ៉ាជុំទី២ ក្នុងរយៈពេលតិចជាងមួយសប្តាហ៍ ដើម្បីប្រឆាំងនឹងការដំឡើងពន្ធ ។
សូមជម្រាបជូនថា ការប៉ះទង្គិចគ្នាខ្លាំងបំផុតមួយចំនួន បានកើតឡើងនៅលើផ្លូវល្បឿនលឿនដែលតភ្ជាប់ពីរដ្ឋធានីណៃរ៉ូប៊ី ទៅកាន់អាកាសយានដ្ឋានអន្តរជាតិរបស់ខ្លួន ។ បន្ថែមពីនេះ មន្ត្រីនគរបាលសុំមិនបញ្ចេញឈ្មោះម្នាក់ ដែលកំពុងតែដើរល្បាតផ្លូវល្បឿនលឿន បានប្រាប់មកកាន់ភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Reuters) ថា មន្ត្រីបានបង្ខំបាញ់សម្លាប់បាតុករពីរនាក់ ខណៈពួកគេ (ជនរងគ្រោះ) ព្យាយាមបន្ថែមភាពចលាចលនៅក្នុងចំណោមអ្នកតវ៉ាផ្សេងទៀតដែលកំពុងបន្តដំណើរទៅមុខ ។
សូមរំលឹកថា រដ្ឋាភិបាលកេនយ៉ា ធ្លាប់បានលើកឡើងថា ការដំឡើងពន្ធ រួមមាន ការបង្កើនពន្ធប្រេងទ្វេដង និងការដាក់បញ្ចូលពន្ធដើម្បីផ្តល់មូលនិធិដល់លំនៅដ្ឋានដែលមានតម្លៃសមរម្យ គឺចាំបាច់ណាស់ ក្រោមគោលបំណងដើម្បីដោះស្រាយកំណើននៃការសងបំណុល និងដើម្បីផ្តល់មូលនិធិដល់គំនិតផ្តួចផ្តើមបង្កើតការងារ ៕