(រុស្ស៊ី)៖ ក្រសួងការពារជាតិរុស្ស៊ី អះអាងថា ក្រុមទាហានស៊ីឈ្នួលវែកន័រ (Wagner) កំពុងតែបញ្ចប់ការប្រគល់គ្រឿងសព្វាវុធរបស់ពួកគេទៅឱ្យកងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ីវិញ ។ ការប្រគល់នេះ បានធ្វើឡើង បន្ទាប់ពីក្រុមទាហានស៊ីឈ្នួល បានរៀបចំគម្រោងបះបោរប្រដាប់អាវុធរយៈពេលខ្លី កាលពីប៉ុន្មានសប្តាហ៍មុន ។
នៅក្នុងសេចក្តីថ្លែងការណ៍អមដោយវីដេអូរបស់ក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃពុធសប្តាហ៍នេះ បានបង្ហាញពីរូបភាពរថក្រោះ គ្រាប់រ៉ុក្កែត និងអាវុធធុនធ្ងន់ផ្សេងៗទៀត ដែលក្រសួងអះអាងថា ក្រុមទាហានស៊ីឈ្នួលវែកន័រ (Wagner) បានផ្ទេរសម្ភារៈយោធាមកវិញជាង ២,០០០ ចំណែក/គ្រឿង និងរួមមានគ្រាប់រំសេវជាង ២,៥០០ តោន ។ ប្រសិនបើការប្រគល់គ្រឿងសព្វាវុធពិតប្រាកដដូចជាការអះអាងមែន វាគឺជាសញ្ញាជាក់ស្តែងក្នុងការបញ្ជាក់ថា ក្រុមទាហានវែកន័រ (Wagner) ដែលយុទ្ធជនរបស់ពួកគេ ធ្លាប់បានបើកការប្រយុទ្ធគ្នាយ៉ាងសាហាវ និងបង្ហូរឈាមច្រើនបំផុត នៅក្នុងសង្គ្រាមរបស់រុស្ស៊ីស្ថិតនៅឯអ៊ុយក្រែន គឺកំពុងតែដកខ្លួនចេញពីប្រតិបត្តិការប្រយុទ្ធនៅទីនោះ ។
គួរបញ្ជាក់ថា នេះគឺជាកិច្ចព្រមព្រៀងគ្នាមួយ រវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពុទីន (Vladimir Putin) ជាមួយក្រុមទាហានស៊ីឈ្នួលវែកន័រ (Wagner) និងមេដឹកនាំក្រុម លោកយ៉េវយ៉េនី ព្រីហ្គូហ្ស៊ីន (Yevgeny Prigozhin) ដែលធ្លាប់តែរិះគន់យ៉ាងចាស់ដៃទៅលើប្រមុខការពារជាតិរុស្ស៊ី ចំពោះភាពកម្សោយនៃការចាត់ចែងប្រតិបត្តិការសង្រ្គាមនៅអ៊ុយក្រែន ក៏ដូចជាការលុបចោលគម្រោងបះបោររយៈពេលខ្លី កាលពីខែមុន ៕