(ឥណ្ឌូណេស៊ី)៖ ប្រធានអាស៊ានប្តូរវេន ប្រទេសឥណ្ឌូណេស៊ីបានគូសបញ្ជាក់កាលពីថ្ងៃអង្គារ អំពីសារៈសំខាន់នៃការរួបរួមគ្នារបស់ប្លុកអាស៊ាន ស្របពេលនៃការបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន ដើម្បីរកវិធីសាស្រ្តដោះស្រាយបញ្ហាវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា។ កិច្ចប្រជុំរបស់សមាគមប្រជាជាតិអាស៊ីភាគអាគ្នេយ៍ឬហៅកាត់ថា អាស៊ាននៅក្នុងទីក្រុងហ្សាកាតានាពេលនេះ បានកើតមានឡើងខណៈមានការសង្ស័យអំពីប្រសិទ្ធផលរបស់អាស៊ាន ដែលមានការមិនយល់ស្របគ្នាលើចំណុចមួយចំនួន ក្នុងដំណើរឆ្ពោះទៅរកការដោះស្រាយបញ្ហារបស់មីយ៉ាន់ម៉ា ក្រោយពេលបរាជ័យមិនអាចអនុវត្តនូវផែនការសន្តិភាពរបស់អាស៊ានបាននោះរួចមក។ ក្នុងន័យនេះ លោកស្រីរដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី រ៉េដណូ ម៉ារស៊ូឌី( Retno Marsudi) មិនបាននិយាយដោយចំទៅលើប្រទេសមីយ៉ាន់ម៉ាឡើយ នៅក្នុងការថ្លែងសុន្ទរកថាបើកកិច្ចប្រជុំកាលពីថ្ងៃអង្គារ ប៉ុន្តែលោកស្រីគ្រាន់តែលើកឡើងយ៉ាងខ្លី ជារបៀបអ្នកការទូតថា អាស៊ានអាចធ្វើបាន ប្រសិនបើរួបរួមគ្នាប្រកបដោយទំនុកចិត្ត។ កន្លងមកប្លុកតំបន់នេះ បានប្រឈមមុខទៅនឹងការរិះគន់ ដោយលើកឡើងថា មិនអាចដោះស្រាយបញ្ហាផ្សេងៗបាន ជាពិសេសវិបត្តិនយោបាយដែលបង្កទៅជាភ្លើងឆាបឆេះនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ អ្វីជាការប្រឹងប្រែងរបស់ប្រទេសឥណ្ឌូណេស៊ីដើម្បីសន្តិភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា?
ចាប់តំាងពីឆ្នំា២០២១នោះមក ប្រទេសមីយ៉ាន់ម៉ាបានញុំញីដោយហិង្សាប្រដាប់អាវុធ បន្ទាប់ពីការឡើងកាន់អំណាចរបស់ក្រុមយោធា ដែលឈានដល់ការបង្ក្រាបបែបបង្ហូរឈាមលើក្រុមម្ខាងទៀត ពោលគឺក្រុមប្រឆំាងគំាទ្រលទ្ធិប្រជាធិបតេយ្យ។ ចំណុចនេះនំាឱ្យគេមើលឃើញថា បានបង្កើតឱ្យមានចលនាតស៊ូប្រដាប់អាវុធមួយឈានដល់ជម្លោះតានតឹងផ្ទៃក្នុងរវាងក្រុមយោធា និងក្រុមអ្នកប្រឆំាង។
អាស៊ាន បានធ្វើការហាមឃាត់មិនអនុញ្ញាតឱ្យមេដឹកនំាយោធាចូលរួមប្រជុំ ខណៈក្រុមយោធាមិនព្រមអនុវត្តន៍នូវកិច្ចព្រមព្រៀងកុងសង់ស៊ីសទំាង៥ ដែលបានឯកភាពកាលពីជាង២ឆ្នំាមុន។
ប្រទេសឥណ្ឌូណេស៊ីបានព្យាយាមបង្កើតឱ្យមានដំណើរការសន្តិភាពតំាងពីដំបូងនៅពីក្រោយឆាកតាមរយៈយន្តការភ្ជាប់ជាមួយនឹងភាគីពាក់ព័ន្ធសំខាន់ៗនានា ប៉ុន្តែកិច្ចប្រឹងប្រែងនោះហាក់មានដំណើរវឌ្ឍនភាពយឺត ខណៈកាលពីខែមុននោះ ប្រទេសថៃឡង់ដ៍អំពាវនាវសូមឱ្យមានការជួបប្រជុំដោយផ្ទាល់រវាងខ្លួន និងក្រុមឧត្តមសេនីយ៍យោធា ដែលការអំពាវនាវរបស់ប្រទេសថៃត្រូវបានគេរិះគន់ថា បានធ្វើឱ្យខូចដល់ការប្រឹងប្រែងរបស់ក្រុងហ្សាកាតាលើដំណោះស្រាយតំាងពីដំបូងចំពោះវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា។
ពាក់ព័ន្ធនឹងប្រភពស្និទ្ធនឹងការប្រឹងប្រែងរបស់ឥណ្ឌូណេស៊ីនេះដែរ បានលើកឡើងប្រាប់ដល់ទីភ្នាក់ងារសារព័តត៌មានរ៉យទ័រថា រឿងផែនការសន្តិភាពមានសភាពស្មុគស្មាញដោយមានបុរេលក្ខខណ្ឌដែលបង្កើតឡើងដោយគ្រប់ភាគីអាស៊ាននៅក្នុងកិច្ចជជែកពិភាក្សាក្រៅផ្លូវការមួយ។ កាលពីសប្តាហ៍កន្លងទៅ លោកស្រី រ៉េដណូ រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ីដដែលបានលើកឡើងថា អភិក្រមយកប្រៀបលើអ្នកចាញ់ ដែលមានន័យថាផែនការសន្តិភាពអាចត្រូវប្រើពេលវែង នឹងមិនងាយសម្រេចផលបាន។ ដោយឡែកក្រុមសិទ្ធិមនុស្ស និងអ្នកជំនាញការអង្គការសហប្រជាជាតិមួយចំនួនបានលើកឡើងដោយចោទប្រកាន់ក្រុមយោធាមីយ៉ាន់ម៉ាថា បានប្រព្រឹត្តិអំពើឃោរឃៅរីករាលដាលប្រឆំាងទៅនឹងជនស្លូតត្រង់ ដោយក្រុមនេះបានលើកឡើងយ៉ាងខ្លីទៀតថា ទង្វើរបស់ក្រុមយោធា ចាត់ជាក្រុមភេរវជនផងដែរ៕