(អាល្លីម៉ង់)៖ ក្រុមហ៊ុនផលិតអាវុធអាល្លឺម៉ង់ Rheinmetall នឹងបើករោងចក្ររថក្រោះនិងរថពាសដែកនៅប្រទេសអ៊ុយក្រែន ក្នុងរយៈពេល១២សប្តាហ៍ខាងមុខ។ នេះបើតាមការបញ្ជាក់ពីនាយកប្រតិបត្តិលោក Armin Papperger ប្រាប់ទៅ CNN កាលពីថ្ងៃចន្ទទី១០ខែកក្កដា។
ក្រុមហ៊ុនអះអាងថា ខ្លួននឹងអាចផលិតរថក្រោះបាន ៤០០គ្រឿងក្នុងមួយឆ្នាំ នៅឯរោងចក្រនេះ ប៉ុន្តែរុស្ស៊ី បានគំរាមបាញ់មីស៊ីលកម្ទេចរួចទៅហើយ បើរោងចក្រនេះបើកដំណើរការមែន។ រោងចក្រនេះ នឹងមានទីតាំងនៅភាគខាងលិចប្រទេសអ៊ុយក្រែន ហើយដំណើរការរួមគ្នាដោយក្រុមហ៊ុន Rheinmetall និងក្រុមហ៊ុនអាវុធរដ្ឋអ៊ុយក្រែន Ukroboronprom។ លោក Papperger និយាយថា “អ៊ុយក្រែន ត្រូវតែជួយខ្លួនឯង ប្រសិនបើពួកគេ ចាំតែអឺរ៉ុប ឬអាមេរិកជួយពួកគេក្នុងរយៈពេល១០ឬ២០ឆ្នាំខាងមុខនោះ វាមិនអាចទៅរួចទេ”។ Rheinmetall បានប្រកាសជាលើកដំបូងនូវផែនការរបស់ខ្លួន ក្នុងការអភិវឌ្ឍរោងចក្រមួយកាលពីខែមីនា ដោយក្រុមហ៊ុនបានបញ្ជាក់នៅពេលនោះថា រោងចក្រនេះនឹងចំណាយដើមទុនសាងសង់អស់២០០លានដុល្លារ ហើយនឹងអាចបង្កើតរថក្រោះ Panther ស៊េរីថ្មីបំផុតចំនួន៤០០គ្រឿងក្នុងមួយឆ្នាំ។
លោក Papperger បានប្រាប់ CNN ថា រថពាសដែក Fuchs របស់ក្រុមហ៊ុន Rheinmetall នឹងក្លាយជាយានដំបូងបង្អស់ ដែលកើតចេញពីខ្សែសង្វាក់ផលិតកម្ម របស់រោងចក្រនេះ។ លោកបន្ថែមថា កម្មករអ៊ុយក្រែន នឹងត្រូវបណ្តុះបណ្តាលដើម្បីផលិត និងជួសជុលយានទាំងនេះ ក៏ដូចជាផលិតផលផ្សេងទៀតរបស់ក្រុមហ៊ុន Rheinmetall ដែលរួមមានរថយន្តប្រយុទ្ធថ្មើរជើង Marder, រថក្រោះ Leopard 2 និងប្រព័ន្ធកាំភ្លើងធំ Panzerhaubitze 2000 ផងដែរ៕