ប៉ៃលិន៖ ថ្ងៃទី១០ នៃការឃោសនារកសំឡេងឆ្នោត ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្ត និងជាបេក្ខជនពេញសិទ្ធិឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រមណ្ឌលប៉ៃលិន នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ បានបន្តចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកាបក្ស ចំនួនជាង ៥០០នាក់ នៅភូមិទួល, ភូមិលាវ, ភូមិអូរឬស្សីក្រោម ឃុំសាលាក្រៅ និងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដើម្បីផ្សព្វផ្សាយកម្មវិធីនយោបាយ និងណែនាំពីរបៀបគូសសន្លឹកឆ្នោតឱ្យត្រឹមត្រូវ ក្លាយជាសន្លឹកឆ្នោតបានការ ដើម្បីគាំទ្រគណបក្សប្រជាជនកម្ពុជា។
នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ី ឈាន បេក្ខជនពេញសិទ្ធិឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រមណ្ឌលប៉ៃលិន បានមានប្រសាសន៍លើកឡើងអំពីការខិតខំរបស់គណបក្សប្រជាជនកម្ពុជា ចាប់ពីការរំដោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ នៅថ្ងៃ៧ មករា ១៩៧៩ និងការបញ្ចប់សង្គ្រាមស៊ីវិលនៅក្នុងប្រទេស ការបង្រួបបង្រួមជាតិតាមរយៈការដាក់ចេញនយោបាយឈ្នះ-ឈ្នះ ដើម្បីស្វែងរកសុខសន្តិភាព ការរក្សាការពារសន្តិភាព-ស្ថិរភាពរបស់សម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក និងជាអគ្គមគ្គុទេសន៍ ព្រមទាំងបានខិតខំអភិវឌ្ឍប្រទេសជាតិ ធ្វើប្រជាជនរស់នៅក្នុងសេចក្តីសុខក្សេមក្សាន្តរហូតដល់ពេលបច្ចុប្បន្ននេះ ។
ឯកឧត្តមបេក្ខជនតំណាងរាស្ត្រ បានមានប្រសាសន៍បញ្ជាក់ថា៖ រយៈកាលជាង ៤៤ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា បានខិតខំថែរក្សា និងការពារសុខសន្តិភាព ដែលរកបានមកយ៉ាងលំបាក ហើយបានបន្តជំរុញការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងគិតគូរអំពីសុខទុក្ខ និងសុខុមាល ភាពប្រជាពលរដ្ឋ តាមរយៈការផ្តល់នូវជំនួយផ្នែកគាំពារសង្គម ជាក់ស្តែងនៅក្នុងខេត្តប៉ៃលិន តាមមូលដ្ឋាន ឃុំ សង្កាត់ ដែលពីមុនពុំធ្លាប់មានសោះ ឥឡូវមាន ផ្លូវ ស្ពាន សាលារៀន មណ្ឌលសុខភាព ប្រព័ន្ធទឹកភ្លើង រោងចក្រ សហគ្រាស និងសមិទ្ធផលនានាជាច្រើនទៀត ដែលបម្រើឱ្យផលប្រយោជន៍ក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។
ឯកឧត្តម អ៊ី ឈាន ក៏បានមានប្រសាសន៍អំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់គ្នា សូមអញ្ជើញ ទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា ជាពិសេស គឺត្រូវបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» ដែលមានលេខរៀងទី ១៨ ក្នុងសន្លឹកឆ្នោត និងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត ត្រូវគូសលើសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ដើម្បីរក្សាតម្លៃនៃសន្លឹកឆ្នោត ស្របតាមទិសស្លោក សន្លឹកឆ្នោត មួយសន្លឹក ជាការគាំទ្រគណបក្សប្រជាជនមួយសំឡេង និងបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិបន្តទៀត ។
អំឡុងពេលនៃការចុះឃោសនានេះ ឯកឧត្តមបេក្ខជនតំណាងរាស្ត្រ និងក្រុមការងារ ក៏បានបង្រៀនប្រជាពលរដ្ឋឱ្យចេះគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ និងបានស្នើសុំប្រជាពលរដ្ឋបន្តគាំទ្រ គណបក្សប្រជាជនកម្ពុជា និងគូសចំប្រអប់ឆ្នោតគណបក្សប្រជាជនកម្ពុជាមានលេខរៀងទី១៨ នៅលើសន្លឹកឆ្នោត ដើម្បីឱ្យគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសជាតិ ឱ្យមានការរីកចម្រើនទៅមុខទៀត និងការពារថែរក្សាសុខសន្តិភាព ៕
អត្ថបទ៖ លោក ញ៉ឹប បូរី