ប៉ៃលិន៖ ថ្ងៃទី៦ នៃការឃោសនារកសំឡេងឆ្នោត ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន និងជាបេក្ខជនពេញសិទ្ធិ ឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រមណ្ឌលប៉ៃលិន នៅរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ បានបន្តចុះជួបសំណេះសំណាលសមាជិក សមាជិកាបក្ស ចំនួនជាង ២០០នាក់ នៅភូមិអូរដូនតាលើ ភូមិព្រៃសន្ទះ ភូមិផ្ទះស្បូវ និងភូមិកូនដំរី ឃុំស្ទឹងត្រង់ ដើម្បីផ្សព្វផ្សាយកម្មវិធីនយោបាយ និងណែនាំពីរបៀបគូស សន្លឹកឆ្នោតឱ្យត្រឹមត្រូវ ក្លាយជាសន្លឹកឆ្នោតបានការ ដើម្បីគាំទ្រគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន បានមានប្រសាសន៍រំឭកពីគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបញ្ចប់សង្គ្រាមស៊ីវិលនៅក្នុងប្រទេស ការបង្រួបបង្រួមជាតិតាមរយៈការដាក់ចេញ នយោបាយឈ្នះឈ្នះ ការស្វែងរកសុខសន្តិភាព ការរក្សាការពារសន្តិភាព ស្ថិរភាព ធ្វើឱ្យប្រជាជនរស់នៅក្នុងក្ដីសុខក្សេមក្សាន្តរហូតដល់ពេលបច្ចុប្បន្ន ដូចនេះ យើងទាំងអស់គ្នានឹងចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លានេះ និងប្តេជ្ញាចិត្តចូលរួមក្នុងការការពារសន្តិភាពឱ្យរឹងមាំស្ថិតស្ថិរគង់វង្សជានិច្ច។
ទន្ទឹមនឹងនេះឯកឧត្តមបេក្ខជនតំណាងរាស្ត្រ ក៏បានមានប្រសាសន៍អំពាវនាវឱ្យប្រជាពលរដ្ឋ សមាជិក សមាជិកាទាំងអស់ ចូលរួមអនុវត្តកិច្ចការងារទៅចូលរួមបោះឆ្នោត ដោយត្រូវត្រៀមខ្លួន ត្រៀមឯកសារឱ្យបានរួចរាល់ទុកជាមុន ដើម្បីធានាការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន និងជោគជ័យសម្រាប់ជាតិយើងទាំងមូល ពីព្រោះ «យើងជាសមាជិកបក្សត្រូវគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសឆ្ពោះទៅកាន់សុខសន្តិភាព និងការអភិវឌ្ឍតទៅទៀត»។
ឯកឧត្តម អ៊ី ឈាន និងសមាជិក សមាជិកាគណបក្សក្នុងឃុំស្ទឹងត្រង់ទាំងមូល បានសម្តែងនូវអំណរគុណសន្តិភាព នយោបាយឈ្នះឈ្នះ និងសូមដឹងគុណ ស្ថាបនិកមគ្គុទេសឯក និងប្រតិបត្តិករ នយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព ឯកភាពជាតិ ពេញលេញ និងបានប្រកាសគាំទ្រសម្តចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត ៕
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម អ៊ី ឈាន និងក្រុមការងារ ក៍បានបង្រៀនសមាជិក សមាជិកា អំពីការគូសសន្លឹកឆ្នោតដែលត្រឹមត្រូវ ដែលមានលេខរៀងទី១៨ មានរូបទេវតាបាចផ្កាជាសម្គាល់នៅក្នុងសន្លឹកឆ្នោត ដើម្បីបានបញ្ចេញនូវឆន្ទះ ក្នុងការគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យទទួលជ័យជំនះរាល់ការបោះឆ្នោតគ្រប់ៗអណត្តិ ៕
អត្ថបទ៖ លោក ញ៉ឹប បូរី