(ភ្នំពេញ) ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានសម្រេចកែសម្រួលសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការកែសម្រួលបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ និងសេចក្ដីណែនាំស្តីពីបែបបទ និងនីតិវិធីនៃការវេចខ្ចប់បញ្ជីបោះឆ្នោតដែលប្រើក្នុងការិយាល័យបោះឆ្នោតព្រមទាំងការបញ្ជូន ការត្រួតពិនិត្យ និងការរៀបចំទិន្នន័យអ្នកដែលបានមកបោះឆ្នោត ។
យោងតាមសេចក្ដីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីរសៀល ថ្ងៃទី៥ កក្កដា ឆ្នាំ២០២ បានឲ្យដឹងថា ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បើកកិច្ចប្រជុំ ដើម្បីពិនិត្យ និងសម្រេចលើយោបល់ និងអនុសាសន៍របស់ភាគីពាក់ព័ន្ធលើសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការកែសម្រួលបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ និងសេចក្ដីណែនាំស្តីពីបែបបទ និងនីតិវិធីនៃការវេចខ្ចប់បញ្ជីបោះឆ្នោតដែលប្រើក្នុងការិយាល័យបោះឆ្នោត ព្រមទាំងការបញ្ជូនការត្រួតពិនិត្យ និងការរៀបចំទិន្នន័យអ្នកដែលបានមកបោះឆ្នោត ។
ក្នុងកិច្ចប្រជុំ ឯកឧត្តមទេព នីថា អគ្គលេខាធិការ គ.ជ.ប បានរាយការណ៍ជូនអង្គប្រជុំ គ.ជ.ប ថា គ.ជ.ប បានបញ្ជូនសេចក្តីព្រាងសេចក្ដីសម្រេចស្ដីពីការកែសម្រួលបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ទៅឱ្យភាគីពាក់ព័ន្ធផ្តល់យោបល់ រួមមានក្រុមប្រឹក្សាធម្មនុញ្ញ ស្ថាប័ននីតិប្បញ្ញត្តិ ស្ថានប័នរាជរដ្ឋាភិបាលដែលពាក់ព័ន្ធនឹងការងារ បោះឆ្នោត គណបក្សនយោបាយចំនួន១៨ គណបក្ស និងអង្គការមិនមែនរដ្ឋាភិបាល សមាគមសរុបចំនួន៣៨ ។បើតាមឯកឧត្តមទេពនីថា បានបញ្ជាក់ថា ៖«សា្ថប័នមួយចំនួនបានឯកភាពតាមសេចក្ដីព្រាងសេចក្ដីសម្រេចរបស់ គ.ជ.ប ផ្ញើជូនផ្តល់យោបល់ រីឯស្ថាប័នមួយចំនួនទៀតបានផ្តល់យោបល់កែសម្រួលសេចក្តីព្រាងសេចក្តី សម្រេចនោះ»។ ឯកឧត្តម បានបន្តថា បន្ទាប់ពីបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើអនុសាសន៍ និងឯកសារម្ដងមួយៗ រួចមកអង្គប្រជុំ គ.ជ.ប បានសម្រេចឯកភាពលើសេចក្ដីសម្រេចស្តីពីការកែសម្រួលបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ និងឯកភាពលើសេចក្តីណែនាំស្តីពីបែបបទ និងនីតិវិធីនៃការវេចខ្ចប់បញ្ជីបោះឆ្នោតដែលប្រើក្នុងការិយាល័យបោះឆ្នោត ព្រមទាំងការបញ្ជូនការត្រួតពិនិត្យ និងការរៀបចំទិន្នន័យអ្នកដែលបានមកបោះឆ្នោត ។ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានណែនាំដល់ ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប ចាត់ចែងការងារជាបន្ទាន់ ដើម្បីបណ្តុះបណ្តាលដល់មន្ទីរការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោតឱ្យយល់នូវច្បាប់ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោត និងសេចក្ដីណែនាំស្តីពីបែបបទ និងនីតិវិធីនៃការវេចខ្ចប់បញ្ជីបោះឆ្នោតដែលប្រើក្នុងការិយាល័យបោះឆ្នោត ព្រមទាំងការបញ្ជូន ការត្រួតពិនិត្យ និងការរៀបចំទិន្នន័យអ្នកដែលបានមកបោះឆ្នោត ដែល គ.ជ.ប ទើបសម្រេចថ្មីនេះ៕