ទំនប់ម្លេច ជាឈ្មោះរមណីយដ្ឋានធម្មជាតិមួយកន្លែង ដែលមានទីតាំងស្ថិតនៅ ព្រំប្រទល់រវាងខេត្តកំពត និង តាកែវ ក្នុងឃុំជ្រេស ស្រុកជុំគិរី ខេត្ត កំពត មានចម្ងាយប្រមាណ ៩០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ធ្វើដំណើរតាមផ្លូវជាតិលេខ៣ ដោយបទស្ដាំចូលប្រវែងប្រហែល ៦គីឡូម៉ែត្រ។នៅដើមផ្លូវមានអតីតសកលវិទ្យាល័យមួយមានឈ្មោះថា “ភូមិន្ទតាកែវកំពត” ប៉ុន្តែសាកលវិទ្យាល័យមួយនេះ នៅសល់តែស្លាកឈ្មោះតែប៉ុណ្ណោះ។ គ្រាន់ជិះចូលភ្លាមនៅសងខាងផ្លូវយើងនឹងឃើញមាន ចម្ការដំណាំជាច្រើនកន្លែង ភ្នំនៅជិតៗគ្នានោះគឺ ភ្នំនារាយណ៍ និង ភ្នំមេអំបៅ ធ្វើឲ្យអារម្មណ៍ស្រស់ស្រាយមែនទែន។ពេលចូលទៅដល់ទីតាំងរមណីយដ្ឋានផ្ទាល់តែម្តង អារម្មណ៍របស់លោកអ្នកនឹងកាន់តែស្រស់ស្រាយជាងនៅតាមផ្លូវទៅទៀត ក្ដីកង្វល់ ភាពនឿយហត់ទាំងឡាយនឹងរលាយបាត់អស់ជាមួយនឹង សម្រស់ជួរភ្នំខៀវស្រងាត់ ទឹកថ្លាយង់គួរឲ្យចង់លេង ខ្យល់ជំនោរបក់ត្រសៀកៗ ខ្ចុះតូចៗសម្រាប់សម្រាកលម្ហែជាច្រើនតូប នៅជាប់មាត់ទឹកក៏មាន ក្រោមម្លប់ឈើក៏មាន ហើយនៅក្នុងខ្ចុះក៏មាន អង្រឹងសម្រាប់អង្គុយលេងផងដែរ។