ខេត្តសៀមរាប ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ម្ចាស់រថយន្តម្នាក់មិនស្គាល់អត្តសញ្ញាណស្រវឹងស្រាជោកជាំ ហើយក៏បើករថយន្តព្រូសក្នុងល្បឿនលឿនទៅបុកជាមួយនឹងម៉ូតូសណ្តោងរុឺម៉ក បណ្តាលឱ្យស្លា.ប់អ្នកបើកម៉ូតូ និងអ្នករួមដំណើរ៤នាក់ទៀតរងរបួសស្រាល ចំណែកម្ចាស់រថយន្តរត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង២៣និង៤០នាទីយប់ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ នៅត្រង់ចំណុចផ្លូវបំបែកជាបួនបាក់ខែងចាស់ ចាប់ពីស្តុបឈ្នះឈ្នះ ទៅផ្លូវហ៊ុនសែនសន្តិភាព ស្ថិតក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។
បើតាមប្រសាសន៍របស់លោកវរសេនីយ៍ទោ សោម វីរ: នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តមួយគ្រឿងម៉ាក TOYOTA PRIUS ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BL-2324 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ព្រោះថា ក្រោយពេលកើតហេតុ អ្នកបើកបរចុះរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។
លោកស្នងការដ្ឋាននគរបាលខេត្តសៀមរាប បន្តថា រថយន្តបង្កខាងលើនេះបើកបរទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ហើយក៏បានបុកជាមួយនឹងម៉ូតូសណ្តោងរុឺម៉កមួយគ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប1D-4308 ទិសដៅពីកើតទៅលិច ធ្វើឱ្យអ្នកបើកបរម៉ូតូឈ្មោះ ធិ សក្តិវ័ន្ត ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិប្រិយ៍ក្មេង ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ស្លា.ប់នៅនឹងកន្លែងកើតហេតុ។ ចំណែកអ្នករួមដំណើរចំនួន៤នាក់ទៀត រងរបួសស្រាល ក្នុងនោះរួមមាន ៖ ១- ឈ្មោះ បឿន វិបុត្រ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិប្រិយ៍ក្មេង ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប, ២- ឈ្មោះ ម៉ែន ស្រីរ៉ង ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិប្រិយ៏ក្មេង ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប, ៣- ឈ្មោះ វឿន ស្រីរ័ត្ន ភេទស្រី អាយុ២៩ឆ្នាំ រស់នៅភូមិប្រិយ៍ក្មេង ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប និង៤- ឈ្មោះ ជា រ៉ាវី ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិប្រិយ៍ក្មេង ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។
លោកបន្ថែមទៀតថា ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលឱ្យម៉ូតូសណ្តោងរុឺម៉ក១គ្រឿងរងការខូចខាតធ្ងន់ ដោយត្រូវអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ចំណែករថយន្តបង្កក៏រងការខូចខាតធ្ងន់ផងដែរ។ ចំពោះមូលហេតុ គឺបណ្ដាលឱ្យរថយន្តបើកបរក្នុងល្បឿនលឿន។
ក្រោយពេលកើតហេតុ វត្ថុតាងក្នុងករណីគ្រោះថ្នាក់ខាងលើត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។ ហើយបច្ចុប្បន្ន ស.ពជនរងគ្រោះត្រូវបានកម្លាំងនគរបាលការិយាល័យជំនាញ ធ្វើការប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកអ្នករងរបួសស្រាលទាំង៤នាក់ក៏ត្រូវបានក្រុមគ្រូពេទ្យឯកជន ឱ្យត្រឡប់ទៅផ្ទះវិញអស់ហើយដែរ៕