(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី៦ កក្កដា ស្អែកនេះ នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ក្រោម ប្រធានបទស្តីពី៖ ការបង្ហាញទឹកខ្មៅលុបមិនជ្រះសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត និងការសាកល្បងគុណភាពទឹកខ្មៅលុបមិនជ្រះដោយភាគីពាក់ព័ន្ធ។
កិច្ចប្រជុំនៅថ្ងៃស្អែកនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប ចេញផ្សាយនៅថ្ងៃទី៤ ខែកក្កដា។ សូមបញ្ជាក់ថា លោក ហង្ស ពុទ្ធា អ្នកនាំ ពាក្យ គ.ជ.ប កាលពីថ្ងៃទី១៥ ខែ មិថុនាបានឲ្យដឹងថា៖ ទឹកខ្មៅជ្រលក់ដៃបញ្ជា បានទិញពីឥណ្ឌាជាង៥ម៉ឺន២ពាន់ដបហើយសន្លឹកឆ្នោតដែលបោះពុម្ពសន្លឹកជាង ១៣ លានសន្លឹក គឺចែកចេញជា ២ប្រភេទគឺ ប្រភេទទី១ គឺជាប្រភេទសន្លឹកឆ្នោតដែលនឹងបញ្ជូនទៅការិយា ល័យបោះឆ្នោតជាង ២៣០០ ការិយាល័យ និងប្រភេទទី២ សន្លឹកឆ្នោតជាង ១លាន ២សែនសន្លឹក គឺតម្កល់ទុកនៅគណៈកម្មការខេត្តរៀបចំការបោះឆ្នោត ត្រៀមបម្រុងដើម្បីដោះស្រាយបញ្ហាជាយថាហេតុណាមួយ ដែលអាចនឹងកើតឡើង។
អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា៖ ការបោះពុម្ពសន្លឹកឆ្នោតជាង ១៣លានសន្លឹក ចំណាយថវិកាជាង ២លានដុល្លារ។ សរុបថវិកាចំណាយសម្រាប់ការបោះឆ្នោតនេះ មានជាង ៥០លានដុល្លារ៕