(អន្តរជាតិ)៖ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី Meduza បានរាយការណ៍កាលពីថ្ងៃអង្គារថា ក្រុមទាហានស៊ីឈ្នួលរុស្ស៊ី Wagner Group មួយចំនួនដែលបានភៀសខ្លួនទៅបោះជំរំថ្មីនៅប្រទេសបេឡារុស កំពុងចាប់ផ្ដើមហ្វឹកហាត់ និងរៀបចំធ្វើសមយុទ្ធប្រើរថក្រោះ ។ពាក់ព័ន្ធបញ្ហានេះដែរ អ្នកវិភាគលើកឡើងថា វាអាចជាការរៀបចំផែនការថ្មីមួយទៀតសម្រាប់រុស្ស៊ី ដើម្បីបើកការវាយប្រហារលើអ៊ុយក្រែន ស្របពេលដែលមេដឹកនាំក្រុមទាហានស៊ីឈ្នួល Wagner Group លោក Yevgeny Prigozhin ក៏បាននិយាយផងដែរថា អ្នករាល់គ្នានឹងឃើញជ័យជម្នះបន្ទាប់របស់ក្រុមលោក នៅក្នុងសមរភូមិជួរមុខនៅប៉ុន្មានថ្ងៃខាងមុខនេះ ។
ទន្ទឹមនោះ ការកត់សម្គាល់នេះក៏ត្រូវបានគេមើលឃើញផងដែរថា បង្ហាញពីចេតនារបស់ក្រុមទាហានស៊ីឈ្នួលក្នុងការបន្តលូកដៃចូលទៅជ្រៅបន្ថែមទៀត នៃប្រតិបត្តិការសឹករបស់រុស្ស៊ីលើអ៊ុយក្រែន បើទោះបីជាក្រុមនេះបានបាក់ទ័ពក្នុងការបះបោរប្រដាប់អាវុធនៅរុស្ស៊ីកាលពីខែមុនក៏ដោយ ខណៈអ្នកវិភាគចាត់ទុកថា វាសេណារីយ៉ូរៀបចំឡើងដោយលោកប្រធានាធិបតី Vladimir Putin ដើម្បីបង្វែរដានសត្រូវតែប៉ុណ្ណោះ ។
ជាក់ស្ដែង កាលពីពេលថ្មីៗនេះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានចេញបញ្ជាឲ្យមេបញ្ជាការយោធាពង្រឹងកម្លាំងការពារនៅព្រំដែនភាគខាងជើងដែលជាប់នឹងប្រទេសបេឡារុស ដើម្បីប្រុងជើងការចំពោះយុទ្ធជនរបស់ក្រុមទាហានស៊ីឈ្នួលដែលអាចមកកៀកៗអ៊ុយក្រែនតាមបណ្ដោយព្រំដែនមួយនេះ ។ គួរបញ្ជាក់ថា បច្ចុប្បន្នមេក្រុមទាហានស៊ីឈ្នួល Wagner Group លោក Yevgeny Prigozhin កំពុងស្ថិតនៅក្នុងប្រទេសបេឡារុស បន្ទាប់ពីសម្រេចដកទ័ពចេញពីរុស្ស៊ី ក្រោយមានកិច្ចសម្របសម្រួលពីលោក Alexander Lukashenko ដែលបានចរចារកដំណោះស្រាយជាមួយលោក Putin រួចមក ៕