(អន្តរជាតិ)៖អាជ្ញាធរចិន បានព្រមានអំពីអាកាសធាតុកាចសាហាវ និងគ្រោះមហន្តរាយធម្មជាតិជាច្រើន នៅខែនេះ ខណៈភ្លៀងធ្លាក់ខ្លាំងក្នុងតំបន់មួយចំនួននៃប្រទេសនេះ បានបង្ខំឲ្យជម្លៀសមនុស្សរាប់ម៉ឺននាក់។យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ, នៅថ្ងៃអង្គារទី៤ខែកក្កដា មានការប្រកាសអាសន្នអំពីគ្រោះមហន្តរាយ ដែលបង្កឡើងដោយភ្លៀងធ្លាក់នៅក្នុងតំបន់ដ៏ធំ នៃភាគនិរតីនិងកណ្តាល ប្រទេស។ អាជ្ញាធរឧតុនិយម ក៏បានព្រមានដែរថា ប្រទេសនេះនឹងប្រឈមមុខជាមួយគ្រោះមហន្តរាយធម្មជាតិជាច្រើន នៅក្នុងខែកក្កដា រួមមានដូចជាទឹកជំនន់ ព្រឹត្តិការណ៍អាកាសធាតុកាចសាហាវ ព្យុះទីហ្វុង និងសីតុណ្ហភាពឡើងខ្ពស់ជាដើម។
ទន្ទឹមនោះ កាសែត Chongqing Daily បានចុះផ្សាយកាលពីថ្ងៃចន្ទទី៣ខែកក្កដាថា ផ្ទះនិងផ្លូវរាប់សិបខ្នង នៅខេត្ត Shaanxi ភាគពាយ័ព្យប្រទេសចិន ត្រូវរងការខូចខាតក្នុងអំឡុងពេលមានភ្លៀងធ្លាក់ខ្លាំងលើកដំបូងមិនធ្លាប់មានក្នុងរយៈពេល៥០ឆ្នាំ។ដោយឡែក កាលពីថ្ងៃអាទិត្យ ភ្លៀងធ្លាក់នៅតំបន់ Inner Mongolia ក៏បានបង្កជាទឹកជំនន់ ហើយថែមទាំងសម្លាប់មនុស្សម្នាក់ និងបាត់ខ្លួន ២ នាក់ផងដែរ ខណៈមន្ត្រីខេត្តហូណានបានលើកឡើងថា កាលពីសប្តាហ៍មុន មនុស្សជាង ១ ម៉ឺននាក់ ត្រូវបានជម្លៀស បន្ទាប់ពីទឹកជំនន់បានបំផ្លាញផ្ទះជាង ២ ពាន់ខ្នង ។ លើសពីនេះ ក្រុមអ្នកជួយសង្គ្រោះនៅតំបន់ផ្សេងៗនៃភាគខាងត្បូងប្រទេសចិន រួមទាំងខេត្ត ហ្គីចូវ ផងដែរ បាននិងកំពុងជម្លៀសមនុស្សនិងសត្វពាហនៈទៅកាន់ទីទួលសុវត្ថិភាព ពីទឹកជំនន់ និងការរអិលបាក់ដី។ គួរបញ្ជាក់ថា ចិនគឺជាប្រទេសដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ធំបំផុតរបស់ពិភពលោក ដែលជាហេតុជំរុញឲ្យមានបម្រែបម្រួលអាកាសធាតុ៕