រាជធានីភ្នំពេញ៖ មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: ខេត្តរតនគិរី បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ នេះ មានជនរងគ្រោះ ធ្វេីការនៅក្រុមហ៊ុន ហ័ង អាញ អណ្តូងមាស នៅខេត្តរតនគិរី សរុបចំនួន ១១នាក់ ក្នុងនោះ ១០នាក់ បានបាត់បង់ជីវិត ដោយសារពុលស្រា។
សេចក្តីប្រកាសព័ត៌មាន ស្តីពី ករណីពុលស្រារបស់កម្មករនិយោជិត ដែលធ្វើការនៅក្រុមហ៊ុន ហ័ង អាញ អណ្តូងមាស ស្ថិតនៅភូមិ៣ ឃុំស្រែអង្គង ស្រុកកូនមុំ ខេត្តរតនគិរី របស់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តរតនគិរី បង្ហាញថា បន្ទាប់ពីមន្ទីរ បានទទួលដំណឹង អំពីករណីសង្ស័យ ពាក់ព័ន្ធនឹងការពុលស្រារបស់បងប្អូនកម្មករនិយោជិត ធ្វើការនៅក្រុមហ៊ុន ហ័ង អាញ អណ្តូងមាស ស្ថិតនៅភូមិ៣ ឃុំស្រែអង្រឹង ស្រុកកូនមុំ ខេត្តរតនគិរី កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ មន្ទីរ បានចុះត្រួតពិនិត្យ និងស្រាវជ្រាវករណីនេះ ភ្លាមៗ ដោយសហការបានជាមួយអាជ្ញាធរ មានសមត្ថកិច្ច និងមន្ទីរសុខាភិបាល ខេត្ត ព្រមទាំងបានណែនាំក្រុមហ៊ុនឱ្យចាត់វិធានការសុវត្ថិភាពនិងសុខភាពការងារបន្ថែមជាបន្ទាន់ ដើម្បីបង្ការហានិភ័យដល់កម្មករនិយោជិតពាក់ព័ន្ធ។
លទ្ធផលជាផ្លូវការ កាលពីយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ ត្រូវបានបញ្ជាក់ដោយអង្គភាពជំនាញសុខាភិបាលថា ករណី ដែលបានកើតឡើង ជាបន្តបន្ទាប់ខាងលើ គឺជាករណីពុលស្រា ដែលត្រូវបានដាក់លក់នៅតាមទីតាំងក្បែរក្រុមហ៊ុន។ គិតត្រឹមថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣នេះ មានជនរងគ្រោះសរុបចំនួន ១១នាក់ និងបានបាត់បង់ជីវិតចំនួន ១០ នាក់ ក្នុងនោះ មានកម្មករនិយោជិត ចំនួន ០៥នាក់ បើទោះបីជាមានការខិតខំប្រឹងប្រែងជួយអន្តរាគមន៍សង្គ្រោះពីគ្រប់ អាជ្ញាធរមានសមត្ថកិច្ច និងអង្គភាពពាក់ព័ន្ធ។
មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនគិរី សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងការអាណិត ស្រឡាញ់ជាទីបំផុត ជាមួយក្រុមគ្រួសារ និងញាតិមិត្តទាំងអស់នៃសព ព្រមទាំងសូមជូនពរដល់បងប្អូនកម្មករនិយោជិត រងគ្រោះឆាប់បានជាសះស្បើយ។
មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងសហការជាមួយបេឡាជាតិសន្តិសុខសង្គម ដើម្បីបន្តជួយដោះស្រាយទុក្ខលំបាករបស់បងប្អូនកម្មករនិយោជិត រងគ្រោះ និងក្រុមគ្រួសារ ទៅតាមច្បាប់ ស្តីពី របបសន្តិសុខសង្គម៕