រាជធានីភ្នំពេញ ៖ អតីតក្លិបកម្សាន្តមួយ តាមបណ្ដោយផ្លូវលេខ២០៦ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ត្រូវអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅអស់រយៈពេលជាច្រើនម៉ោង បណ្តាលអោយមនុស្សចំនួន៨នាក់ដែលជាប់គាំងក្នុងអគារនោះ ថប់ដង្ហើមរហូតបាត់បង់ជីវិតនៅក្នុងបន្ទប់យ៉ាងអាណោចអាធ័ម។ ហើយគ្រោះអគ្គិភ័យខាងលើនេះ ត្រូវសមត្ថកិច្ចអោយដឹងថា បានកើតឡើងកាលពីវេលាម៉ោងប្រមាណ៥និង១០នាទីល្ងាច ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ ហើយសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានក៏បានចុះទៅអន្តរាគមន៍ទឹកបា.ញ់ពន្លត់ រហូតមកដល់ម៉ោងប្រមាណជិត៩យប់ ទើបអាចទប់ស្កាត់ស្ថានការណ៍បាន។ចំណែកជនរងគ្រោះទាំង៨នាក់ដែលត្រូវបាត់បង់ជីវិតនោះ ត្រូវនគរបាលអោយដឹងថា ៖ ១- ឈ្មោះ HUNG SHUN ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិចិន, ២- ឈ្មោះ YANG LINTAO ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន, ៣- ឈ្មោះ WEN CHANGSHENG ភេទប្រុស អាយុ២៣ឆ្នាំ ជាជនជាតិចិន, ៤- ឈ្មោះ OUYANG SHANGSONG ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន, ៥- CHEN JINRAN ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន, ៦- ឈ្មោះ អ៊ឹង រាជសីហ៍ ភេទស្រី អាយុ២៤ឆ្នាំ ជាជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ២N មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន, ៧- ឈ្មោះ TRAN NGOCTAN អ្នកស្រឡាញ់ភេ.ទដូចគ្នា (ភេ.ទទី៣) អាយុ២៨ឆ្នាំ ជាជនជាតិវៀតណាម និង៨- ឈ្មោះ Zheng Smilin ភេទស្រី អាយុ២៩ឆ្នាំ ជាជនជាតិចិន។តាមព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានភ្លើងបានឆាបឆេះយ៉ាងខ្មួលខ្មាញ់ពីជាន់ទី៥ (ជាន់លើគេបង្អស់) ភ្លាមៗនោះនគរបាលក៏បានចេញរថយន្តទៅអន្តរាគមន៍ភ្លាមៗផងដែរ ប៉ុន្តែដោយសារទីតាំងអគារខ្ពស់ ពុំអាចទប់ស្កាត់បានឡើយ ជាហេតុបណ្តាលអោយមនុស្សជាប់នៅក្នុងបន្ទប់ រហូតដល់ថប់ដង្ហើមស្លា.ប់តែម្តង។តាមនគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងដែរថា នៅក្នុងហេតុការណ៍នេះ រថយន្តពន្លត់អគ្គិភ័យចំនួន៣០គ្រឿងទៅអន្តរាគមន៍បា.ញ់ទឹកពន្លត់ ហើយអណ្ដាតភ្លើងបានរលត់ទៅវិញនៅវេលាម៉ោងប្រមាណ៨និង៣០នាទីយប់។ ហើយទាក់ទិននឹងគ្រោះអគ្គិភ័យនេះ គឺសង្ស័យថា បណ្ដាលមកពីឆ្លងចរន្តអគ្គិសនិ ទើបបណ្ដាលឱ្យភ្លើងឆាបឆេះអតីតក្លិបកម្សាន្តយ៉ាងសន្ធោសន្ធៅតែម្តង ហើយពេលនេះសមត្ថកិច្ច កំពុងតែធ្វើការស្រាវជ្រាវបន្តទៀតផងដែរ។តាមប្រភពព័ត៌មានខ្លះទៀត ក៏បានឱ្យដឹងថា នៅមុនពេលកើតហេតុ គឺមានជាងកំពុងតែជួសជុល ហើយនាំគ្នាទាញយកពិដានឈើកុងប្លាកេ ក៏ទាក់ជាមួយនឹងខ្សែភ្លើង ជាហេតុធ្វើអោយឆ្លងចរន្តអគ្គិសនី រហូតទុស្សេក្លាយជាអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង។ចំណែកលោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យនៃស្នងការនគរបាលរាជធានីភ្នំពេញ បានអោយអ្នកសារព័ត៌មានដឹងថា អគារដែលត្រូវភ្លើងឆេះនេះ គឺជាទីតាំងដែលទុកចោលកំពុងតែជួសជុស មិនមែនជាក្លិបកម្សាន្តអីនោះទេ។ ទាក់ទិនមូលហេតុវិញ នៅមិនទាន់ដឹងនោះទេ ជំនាញកំពុងតែធ្វើការស្រាវជ្រាវ ហើយរហូតមកដល់ពេលនេះ គឺមានមនុស្សចំនួន៨នាក់បានស្លា.ប់ ក្នុងនោះមានប្រុស៦នាក់ និងស្រី២នាក់។គួរបញ្ជាក់ផងដែរថា អគារដែលត្រូវភ្លើងឆាបឆេះខាងលើនេះ មានទំហំ៣០ម៉ែត្រគុណ៣០ម៉ែត្រ ពីមុនជារោងចក្រកាត់ដេរ ក្រោយមកបានក្លាយជាខារ៉ាអូខេមួយ, ហាងស្ទឹប និងបានផ្លាស់ប្តូរថៅកែចិនជាបន្តបន្ទាប់ ដោយស្ថិតនៅក្នុងអាថ៌កំបាំង។ ហើយកន្លងមកទីតាំងនោះ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាបជាបន្តបន្ទាប់ចំនួន២ដងមកហើយដែរ ប៉ុន្តែនៅពេលថ្មីៗនេះ ទីតាំងនោះក៏ត្រូវបានគេអះអាងថា កំពុងតែជួសជុល តែផ្នែកខាងលើបានជួសរួចរាល់ និងជាទីស្នាក់នៅរបស់ជនជាតិចិនផងដែរ។គួររំលឹកថា ៖ រកឃើញជនរងគ្រោះឡើងដល់៨នាក់ហើយដែលជាប់គាំង ក្រោយភ្លើងឆាបឆេះអតីតក្លិបកម្សាន្ត ៕